Emery ចេញមុខបញ្ជាក់ជាផ្លូវការចំពោះអនាគតរបស់ Aubameyang ក្រោយមានទំនាក់ទំនងជាមួយក្រុម Man Utd

គ្រូបង្វឹកលោក Unai Emery បានទទូចថាក្លឹប Arsenal នឹងមិនចង់បានប្រាក់កម្រៃណាមួយ ពីការលក់កីឡាករ Pierre-Emerick Aubameyang នោះទេ ។

គួរបញ្ជាក់ថាអតីតចាំទីក្រុមកាំភ្លើងធំ Arsenal លោក Jens Lehmann បានអះអាងថាក្លឹបគួរតែពិចារណាលក់ខ្សែប្រយុទ្ធវ័យ 30 ឆ្នាំនេះចេញ ដើម្បីស្វែករកប្រាក់ ដើម្បីកសាងក្រុមជាថ្មីឡើងវិញ ។

មិនតែប៉ុណ្ណោះក្លឹប Manchester United ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹង Aubameyang ប៉ុន្តែគ្រូបង្វឹកលោក Emery បានបញ្ជាក់ថាវាមិនមែនជាជំរើសមួយ ដែលគាត់ត្រូវមានការព្រួយបារម្ភនោះទេ បើទោះបីជាថវិកាតិចតួចសម្រាប់ការចុះហត្ថលេខាថ្មីៗក៏ដោយ ។

មិនតែប៉ុណ្ណោះលោក Emery បាននិយាយថា ៖ ” វាមិនមែនជាការពិតទេ ។ មិន​ប្រាកដ​ទេ ។ យើងសប្បាយចិត្តខ្លាំងណាស់ជាមួយនឹង Aubameyang ហើយយើងមិនចង់លក់រូបគេចេញនោះទេ ” ។

គួរបញ្ជាក់ថាក្រុមកាំភ្លើងធំ Arsenal មានខ្សែប្រយុទ្ធលំដាប់កំពូលពីររូបរួមជាមួយ Aubameyang និង Alexandre Lacazette ខណ:ដែលពួកគេបានដើរតួយ៉ាងសំខាន់ ដើម្បីជួយពង្រឹងតំបន់វាយលុករបស់ក្រុមកាំភ្លើងធំបានយ៉ាងល្អកាលពីរដូវកាលមុន ៕

ប្រភព: Mirror