Follow ជិត ១ មុឺន​នាក់ តែ​កុំ​ចាញ់​បោក សាមី​ខ្លួន​គេ​ប្រាប់​ហើយ Account ហ្នឹង​ Fake ទេ

យោង​តាម​ការ​លើក​ឡើង​របស់​កញ្ញា ងួន កូលីកា ​ហាក់​មាន​ការ​ហួស​ចិត្ត​ជា​ខ្លាំង​នឹង​ជនខិលខូច​ដែល​បាន​ប្រើប្រាស់​រូបភាព​និង​ឈ្មោះ​របស់​នាង​បន្លំ​ជា​គណនី​ក្លែងក្លាយ ដែល​មិន​ដឹង​ច្បាស់​ថា​ជន​ទាំង​នោះ​មាន​គោលបំណង​អ្វី​ឲ្យ​ប្រាកដ។

គណនី​ឈ្មោះ Koy Chan Kolikaa (Official Account) ដែល​មាន Follower ​ប្រមាន ៩ ២៤២ នាក់​នៅ​លើ​បណ្តាញ​សង្គម Facebook ​សព្វថ្ងៃ​កំពុង​បំភ័ន្ត​ភ្នែក​មិត្តភក្តិ​អ្នក​ប្រើប្រាស់​ឯ​ទៀត ដោយ​គ្រប់គ្នាប្រហែលគិត​ថា​នោះ​ជា​គណនី​ពិត ប៉ុន្តែ​តាម​ការ​បកស្រាយ​ជាក់ស្តែង​ពី​ម្ចាស់​កញ្ញា កូលីកា បាន​សង្កត់​ធ្ងន់​ម្តង​ហើយ​ម្តង​ទៀត​ថា​នាង​ពុំ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​គណនី​ដូច​បាន​លើក​ឡើង​ខាង​លើ​នេះ​ឡើយ។

សព្វថ្ងៃ​គណនី​ប្រើប្រាស់​របស់​កញ្ញា​មាន​តែ​មួយ​គត់ ដែល​មាន​ឈ្មោះ Kolika Ngoun ដោយ​ឡែក​មិន​ថា​តែ​នៅ​លើ Instagram ​ក៏​ជនខិលខូច​បាន​បន្លំ​ធ្វើ​ជា​កញ្ញា​ដូច​គ្នា។ តាម​រយៈ​ការ​អង្កេត​មើល​កន្លង​មក ជន​ខិលខូច​បាន​ចម្លង​នៅ​រាល់​រូបភាព​និង​ពាក្យ​សម្តី (Caption) ទាំង​អស់ ចេញ​ពី​គណនី​ម្ចាស់​ពិត មក​បង្ហោះ​ចែកចាយ​លើ​គណនី​ក្លែងក្លាយ។

ដោយ​ឥតទ្រាំ​នឹង​ទង្វើ​ដ៏​មិន​គប្បី​នេះ ​សាមី​ខ្លួន​ផ្ទាល់​កញ្ញា ងួន កូលីកា ​ក៏​បង្ហើប​ថា​កញ្ញា​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​រួច​ជា​ស្រេច ដោយ​រង់ចាំ​តែ​ចំណាត់ការ​និង​ការ​ដោះស្រាយ​របស់​ច្បាប់​តែ​ប៉ុណ្ណោះ។

បែប​ណា​មិញ​សុំ​បង​ប្អូន​និង​ជា​ពិសេស​អ្នក​ដែល​បាន​ Follow គណនី​ក្លែងក្លាយ​ខាង​លើ មេត្តា​ជ្រាប​ជា​ដំណឹង ដោយ​សាមី​ខ្លួន​នឹង​មិន​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​ប៉ះពាល់​ឬ​ពាក្យ​សម្តី​មិន​សមរម្យ​ណា​មួយ​ដែល​ចែកចាយ​ចេញ​ពី​គណនី​ក្លែងក្លាយ​នោះ​ឡើយ។