កីឡាករ Christian Eriksen បានទម្លាយឲ្យដឹងកាលពីពេលថ្មីៗនេះថា រូបលោកនឹងសម្រេចចិត្តចាកចេញពីក្រុម Inter Milan នាដើមឆ្នាំ ២០២១ ពោលគឺអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវរងារតែម្ដង ខណៈហេតុផលវិញគឺដោយសារការបង្ហាញខ្លួនបានតិចតួច។

យោងទៅតាមការចុះផ្សាយរបស់សារព័ត៌មាន Calciomercato បានឲ្យដឹងថា Eriksen បានសម្រេចចិត្តដើរចេញពីក្រុមដែលដឹកនាំដោយលោក Antonio Conte នៅអំឡុងខែមករាខាងមុខ បន្ទាប់ពីមានការមិនសប្បាយចិត្តជាមួយក្រុម ព្រោះតែបង្ហាញខ្លួននៅលើទីលានបានត្រឹម ៩ នាទីប៉ុណ្ណោះសម្រាប់ការបង្ហាញខ្លួនសរុប ៥ ដងជាមួយ Inter។

ដោយឡែកទន្ទឹមនឹងនេះ Manchester United ក៏កំពុងតែត្រូវការកីឡាករដែលអាចបង្កើតឱកាសមួយរូបផងដែរ ពោលគឺពួកគេតាមចែចូវ Eriksen យូរដែរមកហើយ គាប់ជួនស្រាប់តែទទួលបានព័ត៌មានបែបនេះទៀត ម្ចាស់ដី Old Trafford កាន់តែមានសង្ឃឹមក្នុងការចុះកុងត្រាយកកីឡាករដាណឺម៉ាកទឹកដីអង់គ្លេស ខណៈពួកគេក៏ត្រៀមចាយលុយ ២៧ លានផោនសម្រាប់ខ្សែបម្រើរូបនេះផងដែរ។

គួររំឭកដែរថា Eriksen បានក្លាយជាសមាជិកនៃក្រុម Inter Milan កាលពីខែមករា ២០២០ បន្ទាប់ពីធ្វើការផ្ទេរចេញពីក្រុម Tottenham Hotspur ក្នុងតម្លៃខ្លួន ២៧ លានអឺរ៉ូ។ គិតមកទល់នឹងពេលបច្ចុប្បន្ន ខ្សែបម្រើប្រយុទ្ធរូបនេះរកបាន ត្រឹមតែ ៤ គ្រាប់ និង Assist ៣ លើកប៉ុណ្ណោះ សម្រាប់ការបង្ហាញខ្លួន ៣៥ ប្រកួតសរុបជាមួយ Inter៕
ប្រភព: Sportsmole
អានអត្ថបទបន្ទាប់៖ ជាការពិតទេ Juventus អាចនឹងយក Dybala ជាថ្នូរដោះដូរជាមួយកីឡាកររូបនេះ?!
ខ្សែប្រយុទ្ធ Paulo Dybala ត្រូវបានគេចាត់ទុកថា ជាកីឡាករឆ្នើមមួយរូបនៅក្នុងវិស័យបាល់ទាត់តំបន់អឺរ៉ុប តែកាលពីពេលថ្មីៗនេះ មានលេចលឺពាក្យចចាមអារ៉ាមថា ក្រុមអាណាព្យាបាល Juventus កំពុងគិតគូរចង់ដោះដូរ Dybala ជាមួយកីឡាករមួយរូប ខណៈកីឡាកររូបនោះគឺ Mauro Icardi នៃក្រុម Paris Saint-Germain។

បើយោងទៅតាម CalcioMercato បានចុះផ្សាយថា Juve អាចនឹងកើតមានឡើងនារដូវក្ដៅឆ្នាំក្រោយ ប្រសិនបើពួកគេមិនអាចចុះកុងត្រាថ្មីជាមួយ Dybala បាន ហើយក្រុមនៅអ៊ីតាលីក៏ហាក់ពេញចិត្តជាមួយទម្រង់លេង ហើយក៏ជាអ្នកគាំទ្ររបស់ Icardi ផងដែរ។


គួររំឭកដែរថា Dybala គឺជាកីឡាករស៊ីថ្លៃពលកម្មខ្ពស់បំផុតមួយរូបនៅក្រុមសេះបង្កង់ ហើយពួកគេហាក់មានភាពលំបាកក្នុងការបញ្ចុះបញ្ចូលកីឡាករវ័យ ២៧ ឆ្នាំក្នុងការបន្តកុងត្រាថ្មី ពោលគឺកុងត្រាបច្ចុប្បន្នរវាងភាគីទាំងសងខាងគឺនឹងត្រូវផុតកំណត់នាចុងខែមិថុនា ២០២២ ហើយប្រសិនបើឆ្នាំក្រោយការបន្តកុងត្រាថ្មីមិនអាចធ្វើទៅបាន Juventus មានតែយករូបគេទៅដោះដូរជាមួយ Icardi ជាមិនខាន៕
ប្រភព: GOAL