Everton នាំយកកីឡាករ Barcelona ពីររូបបន្ថែមទៀត មុនពេលទីផ្សារដោះដូរបិទទ្វារ

ខ្សែការពារ Yerry Mina របស់ Barcelona បានសំរេចចិត្តចុះហត្ថលេខាចូលរួមជាមួយ Everton ដោយសារតែរូបគេមិនមានឱកាសគ្រប់គ្រាន់ ក្នុងការចូលលេង បូករួមជាមួយនឹងការមកដល់របស់ Clement Lenglet។

ក្លឹបទាំងពីរបានចចារគ្នា ផ្ទេរកីឡាកររូបនេះក្នុងតំលៃ ៣០លានអឺរ៉ូ +២លានអឺរ៉ូសំរាប់លក្ខខណ្ឌផ្សេងៗ។ Mina បានបង្ហាញទម្រង់លេងលេចធ្លោរក្នុងការប្រកួត World Cup នៅរុស្ស៊ី បន្ទាប់ពីរូបគេសឹងតែមិនបានលេងទាល់តែសោះនៅទឹកដី Camp Nou។

ដោយឡែកខ្សែបម្រើព័រទុយហ្គាល់ Andre Gomes ក៏នឹងទៅចូលរួមជាមួយនឹងក្រុមស្ករគ្រាប់ផងដែរ ក្រោយពីក្លឹបទាំងពីរបានព្រមព្រៀងគ្នាជាផ្លូវការ ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយឆ្នាំ ប៉ុន្ដែ Everton ត្រូវចំនាយ ២.៦លានអឺរ៉ូ សំរាប់ Barca។

អ្នកចាត់ការក្លឹប Everton លោក Marco Silva បានបញ្ចុះបញ្ចូល Gomes អោយចូលរួមជាមួយក្រុមរបស់លោក បានដោយជោគជ័យ ហើយកីឡាករវ័យ២៥ឆ្នាំ បានធ្វើតេស្ដពិនិត្យសុខភាព នៅ Barcelona មុនពេលធ្វើដំនើរទៅទីក្រុង Merseyside។

គួររំលឹកថា Gomes ធ្លាប់ត្រូវបានក្លឹប West Ham និង Valencia ចាប់អារម្មណ៍ចង់បានរូបគេ ប៉ុន្ដែខ្សែបម្រើរូបនេះ សំរេចចិត្ដផ្លាស់មកលេងអោយ Everton ជាមួយនឹង Lucas Digne ដែលទើបតែផ្ទេរទៅនៅក្នុងរដូវក្ដៅនេះផងដែរ៕

ប្រភព៖ Sport English