Ferdinand ចោទបាញ់ចំៗទៅកីឡាករឆ្នើមមួយរូប ដែលបដិសេធ United ទោះត្រូវអង្គុយកៅអីបម្រុងនៅក្លឹបរបស់ខ្លួន

អតីតកីឡាករឆ្នើមរបស់ Manchester United លោក Rio Ferdinand និយាយថា រូបលោកមានក្ដីរំភើបដែល Paulo Dybala បានច្រានចោលការផ្ទេរមកកាន់ក្លឹបបិសាចក្រហម ព្រោះរូបគេហាក់មិនត្រូវធាតុគ្នានៅទីនោះឡើយ។

ក្លឹបអង់គ្លេសបានព្រមព្រៀង ដោះដូរខ្សែប្រយុទ្ធ Romelu Lukaku ជាមួយនឹង តារាឆ្នើមអាហ្សង់ទីនរូបនេះ ប៉ុន្ដែ Dybala បានសំរេចចិត្តបន្ដស្នាក់នៅជាមួយ Juventus ហើយខ្សែប្រយុទ្ធបែលហ្ស៊ិកក៏សំរេចផ្ទេរទៅកាន់ Inter Milan។

មូលហេតុនេះហើយដែលបានធ្វើអោយលោក Ferdinand បានចោទជាសំណួរ ពាក់ព័ន្ធនឹងបំណងរបស់ កីឡាករវ័យ២៦ឆ្នាំ ដែលត្រឹមតែជាកីឡាករបម្រុងសំរាប់ ក្រុមសេះបង្កង់តែប៉ុណ្ណោះ។

លោកបានថ្លែងប្រាប់ Daily Star ថា៖ “មានកីឡាករជាច្រើន បានបដិសេធក្នុងការចូលរួមជាមួយនឹង Man Utd នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេបានសំរេចចិត្តជ្រើសរើសកន្លែងផ្សេងទៀត។

“ប៉ុន្ដែ ខ្ញុំមិនដឹងថា Dybala បានបដិសេធពួកគេដោយគ្មានកោតក្រែងទាល់តែសោះ នៅពេលដែលរូបគេបានត្រឹមអង្គុយកៅអីបម្រុងនៅ Juventus។ គេត្រូវការទទួលបានឱកាសលេងបាល់។

“ប្រហែលជាគេកំពុងគិតថា៖ ខ្ញុំចង់លេងនៅ Champions League ឬ ខ្ញុំចង់អង្គុយនៅកៅអីបម្រុង។ ខ្ញុំចង់ជ្រើសរើសធ្វើបែបនេះ ជាជាងផ្ទេរមកកាន់ Man Utd។

“ត្រូវហើយ ខ្ញុំរីករាយដែលគេមិនផ្ទេរមក ដោយសារតែអ្នកគ្មានធាតុចាំបាច់ ដែលខ្ញុំចង់បានក្នុងនាមជាកីឡាករ Man United! ខ្ញុំចង់បានកីឡាករ ដែលមកចូលរួម ហើយគិតថា៖ Man Utd ត្រូវតែត្រលប់មកក្លាយជាក្រុមកំពូលវិញ ខ្ញុំចង់ក្លាយជាធាតុផ្សំក្នុងការធ្វើរឿងនោះ។”

ប្រភព៖ Football Italia