Immobile ធ្លាប់ត្រូវបានលោក Klopp លក់ចេញទៅអេស្ប៉ាញ មុនពេលក្លាយជាម្ចាស់ពានស្បែកជើងមាសអឺរ៉ុប

Ciro Immobile បានក្លាយជាម្ចាស់ពានស្បែកជើងមាសនៅ អ៊ីតាលី(Capocannoniere) និង នៅអឺរ៉ុប បន្ទាប់ពីរកគ្រាប់បាល់បាន៣៦គ្រាប់ឲ្យក្រុម Lazio នៅក្នុងក្របខណ្ឌ Serie A។

ខ្សែប្រយុទ្ធអ៊ីតាលី បាននាំមុខគូប្រជែងគ្រាប់បាល់ Cristiano Ronaldo របស់ក្រុម Juventus ៥គ្រាប់ និង តារាឆ្នើម Robert Lewandowski ដែលជា Top Scorer នៅ Bundesliga ២គ្រាប់ ធ្វើឲ្យខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ ក្លាយជាម្ចាស់ពានស្បែកជើងមាសអឺរ៉ុបជាលើកដំបូង នៅក្នុងអាជីពរបស់ខ្លួន។

ប៉ុន្ដែមុននឹងអាចឈានមកដល់កម្រិតនេះ តើ Immobile មានដំណើរជីវិតនៅក្នុងអាជីពរបស់ខ្លួនបែបណា?

Immobile បានចាប់ផ្ដើមអាជីពនៅក្នុងឈុតយុវជនរបស់ក្លឹប Sorrento ដោយបានអភិវឌ្ឍសមត្ថភាពរបស់ខ្លួននៅទីនោះ អស់រយៈពេល ៦ឆ្នាំ មុនពេលផ្លាស់ទៅលេងនៅឈុតយុវជនរបស់ Juventus នៅក្នុងឆ្នាំ ២០០៨។

ខ្សែប្រយុទ្ធរូបនេះ បានក្លាយជាកីឡាករអាជីព ក្រោយបានទទួលឱកាសចូលរួមលេងនៅឈុតធំរបស់ក្រុមសេះបង្កង់ ប៉ុន្ដែរូបលោក បានបង្ហាញខ្លួនលើទីលាន តែ៣ប្រកួតប៉ុណ្ណោះនៅ Serie A មុនពេលត្រូវបានដាក់ឲ្យក្លឹប Pescara ខ្ចីជើង។

រដូវកាល ២០១១/១២ ជាពេលដែល Immobile ចាប់ផ្ដើមសាងកេរ្ដិ៍ឈ្មោះនៅក្លឹប Pescara ជាទីដែលរូបលោក ទទួលបានការចាប់អារម្មណ៍ជាមួយនឹង Marco Verratti និង Lorenzo Insigne ដោយរកគ្រាប់បាល់បាន ២៨គ្រាប់ និង ជួយពួកគេប្រម៉ូតឡើងពី Serie B មកកាន់លីគកំពូលអ៊ីតាលី។

ទោះបីជាត្រូវប្រឈមនឹងបញ្ហាលំបាក នៅពេលដែលផ្លាស់ទៅលេងនៅ Genoa ប៉ុន្ដែ Immobile បានធ្វើឲ្យទម្រង់លេងរបស់លោក ល្អប្រសើរឡើងវិញ ក្រោយពីបានចូលរួមជាមួយ Torino នៅក្នុងឆ្នាំ ២០១៣ ដោយអាចរកគ្រាប់បាល់បាន ២២គ្រាប់ និងគ្រងតំណែងជាម្ចាស់ពានកីឡាករដែលមានគ្រាប់បាល់ច្រើនបំផុត Serie A។

នៅរដូវកាលបន្ទាប់ អតីតកីឡាករក្រុមសេះបង្កង់រូបនេះ ក៏បានផ្លាស់ទៅលេងនៅ Borussia Dortmund ក្នុងតម្លៃ ១៨,៥លានអឺរ៉ូ។ នៅ Bundesliga ខ្សែប្រយុទ្ធអ៊ីតាលី ហាក់ធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ដោយរកគ្រាប់បាល់បានតែ៣គ្រាប់ប៉ុណ្ណោះ សម្រាប់ ២៤ប្រកួតនៅក្នុងលីគ។

ដោយសារមិនទទួលបានទំនុកចិត្តពីអ្នកចាត់ការក្លឹប លោក Jurgen Klopp Dortmund បានសម្រេចដាក់ Immobile ឲ្យក្លឹប Sevilla ខ្ចីជើង រហូតដល់ក្លឹបអេស្ប៉ាញមួយនេះទិញផ្ដាច់ ប៉ុន្ដែ លោកនៅតែមិនអាចបង្ហាញទម្រង់លេងបានល្អ ដូចកាលនៅ Torino នោះទេ។

ក្រោយភ្លៀងមេឃស្រលះ Immobile បានត្រលប់ទៅកាន់អ៊ីតាលីវិញ ដោយចូលរួមជាមួយក្លឹប Lazio នៅក្នុងឆ្នាំ ២០១៦ ហើយខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ បានស្ដារទម្រង់លេងរបស់ខ្លួនបានល្អឡើងវិញសារជាថ្មី និងក្លាយជាកំពូលខ្សែប្រយុទ្ធមួយរូបនៅ Serie A និង នៅអឺរ៉ុបដូចដែលយើងបានឃើញនាពេលបច្ចុប្បន្ន៕

ប្រភព៖ The Laziali

អានអត្ថបទបន្ទាប់៖ Lonergan ប្រាប់ឈ្មោះកីឡាករ Liverpool ម្នាក់ ដែលរូបគេមិនចង់ប្រឈមមុខជាមួយ ក្នុងពេលហ្វឹកហាត់របស់ក្រុមម្តងៗ

អ្នកចាំទី Andy Lonergan របស់ក្រុមហង្សក្រហម Liverpool បានអះអាងថាខ្សែប្រយុទ្ធ Xherdan Shaqiri គឺជាកីឡាករដែលពិបាកក្នុងការប្រឈមមុខបំផុត អំឡុលងពេលហ្វឹកហាត់ ដូចទៅនឹងខ្សែប្រយុទ្ធជួរកំពូលទាំងមុខទាំងបីរបស់ក្រុមផងដែរ ។

បញ្ជាក់ផងដែរថាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ហាក់កំពុងស្វែងរកក្លឹបថ្មីមួយ ដើម្បីអាចបង្ហាញខ្លួនទៀងទាត់ជាមុន បន្ទាប់ពីក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League បានសំរេចចិត្តមិនធ្វើការផ្តល់ជូននូវកុងត្រាថ្មីណាមួយ ដល់រូបគេទៀតឡើយ ។

មិនតែប៉ុណ្ណោះ Lonergan បានចំណាយពេលស្ទើរតែទាំងស្រុងនៃអាជីពរបស់គាត់នៅក្នុងការប្រកួតនៅឯក្របខ័ណ្ឌ Championship  មុនពេលមកជួយក្រុម Liverpool ដើម្បីដោះស្រាយកង្វះអ្នកចាំទីកាលពីរដូវកាលមុន ។

Liverpool

ហើយអំឡុងពេលដែលអ្នកចាំទីរូបនេះ លេងនៅឯទឹកដី Anfield រូបគេបានជួបតារាឆ្នើមៗជាច្រើន ដូចជា Mo Salah, Sadio Mane និង Roberto Firmino ជាដើម ។ លើសពីនេះ  Lonergan ក៏បានធ្វើការកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករ Shaqiri ផងដែរ ដោយបាននិយាយថាខ្សែប្រយុទ្ធសញ្ជាតិស្វីសរូបនេះ បានធ្វើឲ្យខ្លួនកាន់តែមានភាពល្អប្រសើជាងមុន អំឡុងពេលការហ្វឹកហាត់របស់ក្រុម្តងៗ ។

Xherdan Shaqiri

ដោយឡែក Lonergan បានប្រាប់ The Liverpool Echo ថា ៖ “គ្មានកីឡាករ Liverpool ណាម្នាក់ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ ពីព្រោះពួកគេគឺសុទ្ធតែមិនគួរឲ្យជឿ ។ ហើយកីឡាករដែលខ្ញុំមិនចូលចិត្តគឺ Shaqiri ។ នៅពេលដែលគាត់ស៊ុតបាល់ គាត់អាចធ្វើអ្វីៗគ្រប់យ៉ាងដែលគាត់ចង់បាន ដោយប្រើត្រឹមតែជើងឆ្វេងរបស់កាត់ប៉ុណ្ណោះ ” ។

Xherdan Shaqiri

គេបន្តទៀតថា ៖ ” ខ្ញុំតែងតែគិតថា នៅពេលដែលយើងចាប់គូលេងម្ខាង ៥ ខ្ញុំតែងចង់ឲ្យគាត់នៅខាងខ្ញុំ ពីព្រោះប្រសិនបើគាត់លេងទល់ខ្ញុំ គាត់នឹងស៊ុតមិនដកជើងនោះទេ ”  ៕

ប្រភព: DailyMail