Juve ចាប់ផ្តើមងាកមកចាប់អារម្មណ៍ លើកីឡាករគោលដៅកំពូលម្នាក់ របស់ក្រុម Barcelona

Juventus គឺជាក្លឹបមួយក្នុងចំនោមក្លឹបកំពូលៗជាច្រើន ដែលចាប់អារម្មណ៍លើតារាឆ្នើមវ័យក្មេងរបស់ក្រុម Ajax កីឡាករ Matthijs de Ligt ។

ជាក់ស្តែងខ្សែការពារកណ្តាលវ័យក្មេងរូបនេះបានក្លាយជាតារាមួយរូបសម្រាប់ក្រុមហូឡង់ និងបានជួយឱ្យក្រុមនេះផ្តួលម្ចាស់ជើងឯក Real Madrid ពីក្របខ័ណ្ឌ UEFA Champions League ក្នុងវគ្គ 16 ក្រុម ។

យ៉ាងណាមិញមិត្តភក្តិជិតស្និទ និងមិត្តរួមក្រុមរបស់ De Ligt គឺកីឡាករ Frenkie de Jong នឹងចូលរួមជាមួយក្រុម FC Barcelona នៅរដូវក្តៅខាងមុខនេះ ហើយគេជឿថាក្រុមយក្សនៅតំបន់កាតាឡាន់មួយនេះ ជាអ្នកនាំមុខសម្រាប់ការចុះហត្ថលេខារបស់លោក De Ligt ។

តែទោះជាយ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍ពី Corriere di Torino បានឲ្យដឹងថាក្រុម Juventus  មានយុទ្ធសាស្រ្ត ដើម្បីជួយពួកគេក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិហូឡង់រូបនេះ ។

គួរបញ្ជាក់ផងដែរថាក្រុម Juve នឹងត្រូវជួបក្រុម Ajax សម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ Champions League នាខែមេសាខាងមុខនេះ ៕​

ប្រភព: Calciomercato

មតិយោបល់