Juventus ទទួលបានដំណឹងល្អពី Bonucci មុនការប្រកួត Champions League មកដល់សប្ដាហ៍ក្រោយ

ខ្សែការពារ Leonardo Bonucci បានត្រលប់មកចូលរួមហ្វឹកហាត់ឡើងវិញ បន្ទាប់ពីត្រូវអវត្តមានពីរសប្ដាហ៍ ដោយសារបញ្ហារបួសកែងជើង នេះបើតាមការបញ្ជាក់របស់ក្លឹបអ៊ីតាលី Juventus។

ខ្សែការពារកណ្ដាលរូបនេះ ត្រូវបានប្ដូរចេញនៅតង់ទី១ ក្នុងជំនួបដែល Juve បានយកឈ្នះក្រុម Lazio ដោយលទ្ធផល ២-១ កាលពីថ្ងៃទី ២៧ ខែមករា ហើយក្លឹបបានពិនិត្យឃើញថា Bonucci មានបញ្ហាគ្រិចកែងជើងខាងស្ដាំ ហើយអាចនឹងអវត្តមានរហូតដល់មួយខែថែមទៀតផង។

ទោះយ៉ាងណាក្ដី នេះជាដំណឹងល្អសំរាប់អ្នកគាំទ្រក្រុមសេះបង្កង់ ដែលខ្សែការពារដ៏រឹងមាំរបស់ក្រុម បានត្រលប់មកហ្វឹកហាត់វិញ ដោយរំពឹងថានឹងអាចជាសះស្បើយទាន់ការប្រកួត Champions League ទល់នឹងក្រុម Atletico Madrid។

គួរបញ្ជាក់ថា ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Massimilliano Allegri នឹងចូលរួមប្រកួត ពានរង្វាន់អឺរ៉ុប ទល់នឹងក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid នៅថ្ងៃទី ២១ ខែកុម្ភៈ វេលាម៉ោង ៣៖០០នាទីរំលងអាធ្រាត៕

ប្រភព៖ AS

មតិយោបល់