Juventus និង ក្លឹបជើងខ្លាំងនៅបារាំង ប្រជែងគ្នាចង់បាន ខ្សែការពាររបស់ Barcelona

Juan Miranda ជាគ្រាប់ពេជ្យដុះចេញពីថ្នាលយុវជនរបស់ Barcelona។ ខ្សែការពារស្លាបឆ្វេងរូបនេះ កំពុងតែមានទម្រង់លេងល្អ ហើយរូបគេត្រូវបានជ្រើសរើសអោយចូលរួមប្រកួត Euro 2019 U19 ហើយបានជួយក្រុមអេស្ប៉ាញឈ្នះពាននេះ។

ប៉ុន្ដែ ការមកដល់របស់ខ្សែការពារ Junior Firpo ពី Real Betis ហាក់ធ្វើអោយរូបគេពិបាករកកន្លែងឈរជើងនៅ Barcelona។

បច្ចុប្បន្នខ្សែការពារវ័យ១៩ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការឃ្លាំមើលរបស់ក្លឹបបារាំង Marseille និងក្លឹបអ៊ីតាលី Juventus។ ក្លឹបបារាំងមានភាគរយខ្ពស់ ដែល Barca អាចជ្រើសរើស ក្នុងការដាក់អោយពួកគេខ្ចីជើង ប៉ុន្ដែមិនមានលក្ខខណ្ឌទិញផ្ដាច់នោះទេ។

ដោយឡែកស្ថានភាពសំរាប់ Juventus វិញហាក់មានការស្មុគស្មាញ ដោយពួកគេចង់ទិញកីឡាកររូបនេះផ្ដាច់ ខណៈដែល Barca ចង់បានតំលៃខ្លួនយ៉ាងហោចណាស់ ២០លានអឺរ៉ូ។ អ្វីដែល Juve ចង់ធ្វើនោះគឺចំណាយ៥លានអឺរ៉ូ ហើយដាក់រូបគេអោយក្លឹបដទៃនៅលីគកំពូលអ៊ីតាលីខ្ចីជើង៕

ប្រភព៖ SPORT