Kaka ជ្រើសរើសកីឡាករពីររូប ដែលសក្ដិសមឈ្នះពាន Ballon d’Or តែមិនមែន Ronaldo ឬ Messi

វីរបុរសបាល់ទាត់ប្រេស៊ីល Kaka បានជ្រើសរើស កីឡាករពីររូបសំរាប់បេក្ខភាពក្នុងការឈ្នះពាន Ballon d’Or ដែលក្នុងជម្រើសរបស់ អតីតខ្សែបម្រើក្រុម AC Milan រូបនេះ មិនមានតារាឆ្នើម Cristiano Ronaldo ឬ Lionel Messi ឡើយ តែជាកីឡាករពីររូបដែលឡើងកូដខ្លាំង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកគឺ ខ្សែបម្រើក្រូអាត Luka Modric ហើយនឹង ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe។

តារាឆ្នើម Ronaldo និង Messi គ្រប់គ្រងដំណែងជាម្ចាស់ពានសំរាប់កីឡាករល្អបំផុតមួយនៃអស់រយៈពេលមួយទសវត្សកន្លងមកហើយ ដោយទទួលបានពាន Ballon d’Or ម្នាក់៥រួចទៅហើយ។

Ronaldo អាចនឹងស្ថិតក្នុងចំនោមឈ្នះពាន ដែលរៀបចំដោយបាល់ទាត់បារាំងមួយនេះ ដោយសារតែរូបគេបានដឹកនាំក្រុម Real Madrid ឈ្នះពាន Champions League បីរដូវកាលជាប់ៗគ្នា ប៉ុន្ដែរូបគេត្រូវប្រជែងជាមួយកីឡាករឆ្នើមដទៃទៀតដូចជា Mohamed Salah, Modric និង Messi ជាដើម។

គួររំលឹកថា Kaka ជាកីឡាករចុងក្រោយ ដែលឈ្នះពាន Ballon d’Or ក្រៅពី Messi និង Ronaldo កាលពីឆ្នាំ ២០០៧ ខណៈដែលកាលនោះរូបលោក នៅជាកីឡាកររបស់ក្រុម AC Milan។

ហើយបុរសវ័យ ៣៦ឆ្នាំរូបនេះ មិនគិតថាកីឡាករឆ្នើមទាំងពីររូបនេះ មានឱកាសឈ្នះពាននេះឡើយ ដោយរូបលោកយល់ថា Modric និង Mbappe គឺសក្ដិសមឈ្នះពាននេះជាង ក្រោយពីបង្ហាញទម្រង់លេងល្អសំរាប់ក្លឹប និង សំរាប់ការប្រកួត World Cup នៅក្នុងរដូវក្ដៅនេះ។

នៅក្នុងបទសម្ភាស៍ជាមួយ La Gazzetta dello Sport លោក Kaka បាននិយាយថា៖ “Modric ទទួលបានលទ្ធផលគួរអោយភ្ញាក់ផ្អើល ដោយឈ្នះពាន Champions League ហើយអាចជួយក្រុមជម្រើសជាតិរបស់ខ្លួនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ World Cup។ គេជាកីឡាករដែលបង្កើតឱកាសអោយមិត្ដរួមក្រុម នៅក្នុងការប្រកួត ខណៈដែល Mbappe ជាកីឡាករដែលខ្លាំង ហើយមានអនាគតល្អទៅថ្ងៃខាងមុខ។”

សូមបញ្ជាក់ថា នៅក្នុង ព្រឹត្ដិការណ៍ World Cup 2018 Modric ឈ្នះពានកីឡាករល្អបំផុត ហើយ Mbappe ឈ្នះពានកីឡាករវ័យក្មេងល្អបំផុត ផងដែរ៕

ប្រភព៖ SportBible

មតិយោបល់