អ្នកចាំទី ដែលវិវត្តខ្លួនពីម៉ាស៊ីនរកគ្រាប់បាល់ ត្រៀមខ្លួនសម្រាប់តតាំង Chelsea នៅ League Cup

ក្នុងអំឡុងពេលពីរបីឆ្នាំចុងក្រោយនេះ អ្នកគាំទ្ររបស់ Liverpool មានក្ដីរីករាយ ចំពោះអ្នកចាំទីអៀរឡង់ ដែលអភិវឌ្ឍសមត្ថភាពរបស់ខ្លួន កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

អ្នកចាំទីដែលមានឈ្មោះថា Caoimhin Kelleher វ័យ២៣ឆ្នាំ បានត្រៀមសម្រាប់ការបង្ហាញខ្លួនក្នុងជម្រើសដំបូងឱ្យក្រុមហង្សក្រហម សម្រាប់ការប្រកួត League Cup ទល់នឹង Chelsea នាថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈខាងមុខនេះ ដែលអាចជាការប្រកួតដ៏ធំមួយនៅក្នុងអាជីពរបស់កីឡាកររូបនេះ។

Kelleher បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ សម្រាប់បីប្រកួតនៅ League Cup ក្នុងរដូវកាលនេះ ដោយគេបានរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់ ក្នុងជំនួបទល់នឹង Norwich City ហើយសង្គ្រោះបាល់១១ម៉ែត្រកាត់សេចក្ដី បានយ៉ាងល្អក្នុងការប្រកួតទល់នឹង Leicester City។

អ្នកចាំទីជនជាតិអៀរឡង់រូបនេះ កាន់តែទទួលបានការកោតសរសើរ ក្នុងការប្រកួតជាមួយ Arsenal ដោយគេបានសង្គ្រោះបាល់ដៃមួយយ៉ាងល្អ ដែលរារាំងការព្យាយាមទម្លុះសំណាញ់ទីដោយខ្សែបម្រើឆ្នើម Martin Odegaard ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

Kelleher ចាប់ផ្ដើមដើរតាមក្ដីស្រមៃរបស់ខ្លួនលើវិថីបាល់ទាត់ កាលពីជិតពីរទសវត្សរ៍កន្លងទៅ ពេលដែលគេនៅជាយុវជនថ្នាលរបស់ក្លិប Ringmahon Rangers នៅសាធារណរដ្ឋអៀរឡង់ ដែលជាប្រទេសកំណើតរបស់គេ។

ប៉ុន្ដែកាលនោះ គេមិនមែនលេងតំណែងជាអ្នកចាំទីទេ។ កីឡាករដែលបង្ហាញខ្លួនបាន២ប្រកួតសម្រាប់ក្រុមជម្រើសជាតិអៀរឡង់ ចាប់ផ្ដើមអាជីពរបស់ខ្លួន ជាខ្សែប្រយុទ្ធ ដែលមានតួនាទីរកគ្រាប់បាល់បញ្ចូលទី កាលលេងនៅឈុតយុវជន។

អគ្គលេខាធិការក្លិប Ringmahon លោក Sean Fitzgerald បាននិយាយថា៖ “គេបានចាប់ផ្ដើមលេងបាល់ ក្នុងថ្នាល U5 និង U6 របស់យើង ហើយមានភាពរីកចម្រើនខ្លាំងឡើងៗ។ គេជាខ្សែប្រយុទ្ធទោល តែគេបានប្ដូរមកលេងជាអ្នកចាំទីក្នុងក្រុម U14ឡើងទៅ។ គេលេងជាអ្នកចាំទីរយៈពេល៣ឆ្នាំ មុនផ្ទេរមកចូលរួម Liverpool។ គេធ្លាប់រកគ្រាប់បាល់ ២០ ទៅ៣០គ្រាប់ ក្នុងមួយរដូវកាល មុនពេលប្ដូរមកធ្វើអ្នកចាំទី”។

Kelleher បានផ្ទេរមកចូលរួម ក្លិបហង្សក្រហមក្នុងឆ្នាំ២០១៥ បន្ទាប់ពីជួយឱ្យ Ringmahon ឈ្នះជើងឯកពាន Cork Youth U17 Premier League ក្នុងប្រកួតចុងក្រោយរបស់គេសម្រាប់ក្លិបអៀរឡង់។

ចាប់តាំងពីពេលនោះមក គេបានបង្ហាញខ្លួន១៥លើកក្នុងការប្រកួតសម្រាប់ក្រុមធំរបស់លោក Jurgen Klopp ហើយក៏ស្ថិតនៅក្នុងចំណោមកីឡាករដែលជួយឱ្យ Liverpool ឈ្នះ UEFA Champions League ក្នុងខែឧសភា ឆ្នាំ២០១៩ និងបានលើកពាន Premier League ក្នុងរយៈពេល១២ខែបន្ទាប់។

បើទោះបីជាមានតំណែងជាអ្នកចាំទីបម្រុង បន្ទាប់ពីតារាឆ្នើមប្រេស៊ីល Alisson ចាប់តាំងពីផ្លាស់មកចូលរួម Liverpool ក៏ពិតមែន ប៉ុន្ដែ Kelleher អាចមានឱកាសក្នុងការចូលរួម ក្នុងជំនួបដ៏សំខាន់មួយ ដែលអាចនឹងបង្កើតកំណត់ត្រាឈ្នះនៅ Wembley ជាលើកដំបូងក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។

ហើយយក្រុមរបស់លោក Klopp នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រ League Cup ទល់នឹង Chelsea នារាត្រីថ្ងៃអាទិត្យនេះក្នុងពហុកីឡដ្ឋានជាតិរបស់អង់គ្លេស វេលាម៉ោង ១១៖៣០នាទីយប់ម៉ោងនៅកម្ពុជា ហើយក៏មានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក CTS Sport ផងដែរ៕

ប្រភព៖ The Mirror