ការចាកចេញរបស់កីឡាករមួយរូបនេះ ធ្វើឱ្យ Ozil ធ្លាក់កូដនៅ Arsenal

ការចាកចេញរបស់ Santi Cazorla ពីក្លិប Arsenal ក្នុងឆ្នាំ ២០១៨ ជាហេតុផលមួយដែល Mesut Ozil ធ្លាក់គុណភាពលើទីលាន សម្រាប់ក្រុមកាំភ្លើងធំ នេះបើតាមការបញ្ជាក់របស់ភ្នាក់ងារគេ។

អ្នកទាំងពីរលេងរួមក្រុមជាមួយគ្នានៅទីក្រុងឡុងដ៍រយៈពេល៥ឆ្នាំ មុនពេល Cazorla បានចាកចេញនៅដំណាច់រដូវកាល ២០១៧-១៨។ ខ្សែបម្រើអេស្ប៉ាញ បានខកខានពីការបង្ហាញខ្លួនលើទីលាន ជាច្រើនប្រកួតក្នុងរដូវកាលចុងក្រោយរបស់គេនៅ Emirates ដោយសារបញ្ហារបួស ហើយវាក៏បានប៉ះពាល់ដល់ Ozil ផងដែរ។

Ozil រកគ្រាប់បាល់បាន១២គ្រាប់ ក្នុងរដូវកាល ២០១៦-១៧ ជារដូវកាលចុងក្រោយដែលគេលេងរួមក្រុមជាមួយ Cazorla។ មុនរដូវកាលនោះ គេមិនដែលរកគ្រាប់បាល់បានច្រើនជាង៦គ្រាប់នោះទេ នៅក្នុងមួយរដូវកាល រហូតដល់គេចាកចេញពី Arsenal ទៅចូលរួមក្លិប Fenerbahce ក្នុងខែមករា ឆ្នាំ២០២១ ក្រោយមិនស្ថិតនៅក្នុងជម្រើសរបស់គ្រូបង្វឹក Mikel Arteta។

ពាក់ព័ន្ធនឹងការចាកចេញរបស់ Cazorla អាចប៉ះពាល់ដល់ Ozil ភ្នាក់ងាររបស់ខ្សែបម្រើអាល្លឺម៉ង់បាននិយាយថា៖ “Ozil លេងជាមួយ Santi មួយរយៈកាល ហើយ Ozil ពេញចិត្តគេណាស់។ ខ្ញុំគិតថា ប្រហែលជាកីឡាករម្នាក់ដែលគេ ចូលចិត្តបំផុត។ Mesut ជាកីឡាករឆ្លាត និងឈ្លាសវៃ គេយល់ពីការប្រកួត។ គេពេញចិត្តលេងជាមួយកីឡាករឈ្លាសវៃ។

“Santi ពិតជាឆ្លាត ហើយមានបច្ចេកទេសខ្ពស់ នោះហើយទើបសម្របបានល្អជាមួយ Mesut ដែលមានគេនៅចាំគាំទ្រពីក្រោយ។ នៅពេល Santi ចាកចេញ អ្នកអាចមើលឃើញ វាមិនដូចមុននោះទេ ដោយវាបានផ្លាស់ប្ដូរ”៕

ប្រភព៖ The Sun