មើល​ឃើញ​ថា​អាច​មាន​អនាគត ឥឡូវ Messi ស្នើ​ឲ្យ​ថ្នាក់​លើ​ PSG លៃលក​គ្រាប់​ពេជ្រ​រូប​នេះ

សម្រាប់​ក្លឹប​បារាំង Paris Saint-Germain ពេលវេលា​ទៅ​មុខ​អាច​នឹង​បាត់បង់​នូវ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ហើយ​ឥឡូវ​ក៏​ស្រាប់​តែ​ទទួល​ដំណឹង​ថា Lionel Messi បាន​ស្នើ​ទៅ​ថ្នាក់​លើ​ក្លឹប ឲ្យ​ពិចារណា​លើ​ការ​នាំ​យក​មិត្ត​រួម​សញ្ជាតិ ដើម្បី​មក​បំពេញ ហើយ​មាន​ការ​ជឿជាក់​អនាគត​គេ​នឹង​អាច​ក្លាយ​ជា​តារា​ឆ្នើម​ប្រចាំ​ក្លឹប។

ប្រធានក្លឹប និង Messi

នោះ​គឺ​យុវជន​វ័យ ១៧ ឆ្នាំ សញ្ជាតិ​អាហ្សង់ទីន Luka Romero។ បើ​តាម​សារព័ត៌មាន Football Italia ចុះ​ផ្សាយ​ថា Messi ពិត​ជា​ចាប់​អារម្មណ៍​លើ​សមត្ថភាព​កីឡាករ​លេង​តំណែង​ប្រយុទ្ធ​ស្លាប​ស្តាំ​ខាង​លើ​ជា​ខ្លាំង ជា​ពិសេស​កំឡុង​ពេល​ហ្វឹកហាត់​នៅ​ជម្រើស​ជាតិ​កាល​ពី International Break។

បុរស​វ័យ ៣៤ ឆ្នាំ ចង់​ឲ្យ PSG ទៅ​ចរចា​យក Romero ចេញ​ពី​ក្លឹប Lazio ដែល​ជា​ក្លឹប​អាណាព្យាបាល ទើប​ចាយ​អស់ ២០ មុឺន​អឺរ៉ូ នាំ​យក​គេ​ចេញ​ពី Mallorca ឈុត B កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ។ ឥឡូវ​តម្លៃ​ខ្លួន​គេ​ក៏​មិន​ឡើង​ខ្ពស់​អ្វី​ដែរ ពោល​អាច​គុណ ១ ទ្វេ​ជា ៥ ចូល​ល្បាក់​ជាង ១ លាន​អឺរ៉ូ​ប៉ុណ្ណោះ គ្រាន់​ថា​បែប​ណា ក៏​ក្លឹប​អ៊ីតាលី​មិន​ងាយ​នឹង​ព្រម​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ ដ្បិត​អី​សុពលភាព​កុងត្រា សេសសល់​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។

Messi
Romero

គួរ​បញ្ជាក់​ថា រដូវ​កាល​នេះ Romero បង្ហាញ​ខ្លួន​សរុប ៩ ប្រកួត មិន​ទាន់​រក​បាន​គ្រាប់​បាល់​នៅ​ឡើយ ស្រប​ពេល​ដែល​នៅ​ជម្រើស​ជាតិ គេ​ក៏​ទើប​តែ​មាន​ឱកាស​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ខែ​មិនា។ តែ​មិន​ងាយ​ទេ ការ​ដែល​ម្ចាស់​ពាន Ballon d’Or ៧ សម័យ​កាល ចាប់​ចិត្ត​លើ​យុវជន​ណា​នោះ អ៊ីចឹង​សារ​នេះ ប្រហែល​ជា PSG នឹង​សាកល្បង​ព្យាយាម​ចូល​ចរចា​មិន​ខាន៕

ប្រភព៖ Sportskeeda