Kovacic ផ្ដាំផ្ញើសំដីមួយចំនួន បន្ទាប់ពីបង្ហាញខ្លួនអោយ Chelsea ជាផ្លូវការ

ខ្សែបម្រើក្រូអាត Mateo Kovacic បានបង្ហាញខ្លួនជាផ្លូវការ ក្នុងនាមជាកីឡាករក្រុមតោខៀវ Chelsea កាលពីថ្ងៃព្រស្បត្ត៍នេះ បន្ទាប់ពីបញ្ចប់សំនុំឯកសារផ្ទេរមកកាន់ទឹកដី Stamford Bridge ពីក្លឹប Real Madrid ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេលវែង។

ខ្សែបម្រើវ័យ២៤ឆ្នាំរូបនេះ ត្រូវបានចចារក្នុងលក្ខខណ្ឌដោះដូរជាមួយ អ្នកចាំទី Thibaut Courtois ទៅទឹកដី Bernabeu ក្រោយពីរូបគេបានបង្ហាញខ្លួន ក្នុងជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Zinedine Zidane បាន១០ប្រកួត កាលពីរដូវកាលមុន។

Kovacic បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបតោខៀវថា៖ “ខ្ញុំមានអារម្មណ៍រីករាយ និង រំភើបញាប់ញ័រ ដែលបានចូលរួមនៅទីនេះ ជាមួយ Chelsea។ វាជាអារម្មណ៍មួយដ៏អស្ចារ្យ ហើយខ្ញុំប្រឹងប្រែងអោយអស់ពីសមត្ថភាពសំរាប់ក្លឹបមួយនេះ។

“វាជាលីគថ្មីសំរាប់ខ្ញុំ ហើយការចាប់ផ្ដើមប្រាកដជាមានការលំបាក ប៉ុន្ដែខ្ញុំដឹងច្បាស់ថា គ្រូបង្វឹក ហើយនឹង មិត្តរួមក្រុមរបស់ខ្ញុំ នឹងជួយជ្រោមជ្រែងខ្ញុំជាមួយនឹងរដូវកាលដ៏អស្ចារ្យ។”

គួររំលឹកថា Kovacic បានផ្ទេរពីក្លឹបអ៊ីតាលី Inter Milan មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៥ ក្នុងតំលៃ ៣០លានអឺរ៉ូ ហើយរូបគេចូលលេងបានទៀងទាត់ក្រោមការដឹកនាំរបស់លោក Rafael Benitez និង ត្រូវបានដាក់អោយចូលលេងដោយលោក Zidane សំរាប់រដូវកាលដំបូងរបស់ខ្លួននៅ Madrid ផងដែរ។

ក្រោយមក ខ្សែបម្រើរូបនេះ ហាក់មិនសូវមានឱកាសក្នុងការដណ្ដើមកៅអីជម្រើសដំបូង ក្រោមការដឹកនាំរបស់ អ្នកចាត់ការសញ្ជាតិបារាំងនោះទេ ដោយសារតែលោក Zidane ពេញចិត្តខ្សែបម្រើបីរូបគឺ Luka Modric, Casemiro និង Toni Kroos ជាជម្រើសដំបូងក្នងការប្រកួតនានា។

Kovacic បង្ហាញខ្លួនអោយ Real Madrid សរុប ១០៩ប្រកួត ហើយពាក់កណ្ដាលនៃការបង្ហាញខ្លួនរបស់គេ គឺក្នុងនាមជាកីឡាករបម្រុង។

អ្នកចាត់ការរបស់ក្លឹប Chelsea លោក Marina Granovskaia បានស្វាគមន៍ Kovacic យ៉ាងកក់ក្ដៅ ក្នុងការចូលរួមនៅទឹកដី Stamford Bridge ហើយលោកបានមានប្រសាសន៍ថា៖ “យើងពិតជារីករាយក្នុងការស្វាគមន៍ Mateo មកកាន់គ្រួសារ Chelsea។ គេគឺល្អបំផុតសំរាប់ពួកយើងសំរាប់រដូវកាលនេះ។

“របៀបលេងរបស់គេគឺត្រូវជាមួយនឹង របៀបដឹកនាំរបស់លោក Maurizio [Sarri] ដែលចង់អោយក្រុមលេង ហើយយើងជឿជាក់ថា រូបគេនឹងបង្ហាញអោយឃើញថាគេមានតំលៃសំរាប់ក្លឹប”៕

ប្រភព៖ AS