Lampard ប្រាប់ឲ្យកីឡាករក្នុងក្រុមម្នាក់ បដិសេធសំណើពីក្លឹប Bayern ព្រោះគេអាចក្លាយជាតារាកំពូលនៅ Chelsea

លោក Frank Lampard អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea បានទទូចថាកីឡាករ Callum Hudson-Odoi គួរតែបដិសេធចំពោះការផ្ទេរទៅកាន់ក្លឹប Bayern Munich ដោយសារតែរូបគេនឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោកនៅទឹកដី Stamford Bridge ។

គួរបញ្ជាក់ថាកីឡាករវ័យ 18 ឆ្នាំរូបនេះបានដាក់សំណើឲ្យមានការផ្ទេរចេញមួយកាលពីខែមករា ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរទៅកាន់ទឹកដី Allianz Arena ។

យ៉ាងណាមិញក្រុម Bayern បានធ្វើការដាក់សំណើដេញថ្លៃចំនួនបីលើក ប៉ុន្តែត្រូវបានច្រានចោលសម្រាប់ខ្សែប្រយុទ្ធរូបនេះ ហើយពួកគេនៅតែចង់បានកីឡាករ Hudson-Odoi ខណ:ដែលគេបានឈានដល់រយ:ពេល 12 ខែចុងក្រោយ​នៃកិច្ចសន្យាបច្ចុប្បន្ននៅក្រុម Chelsea ។

តែទោះជាយ៉ាងណា Lampard បានទទូចថាចង់ឲ្យ Hudson-Odoi ស្នាក់នៅក្លឹបបន្តទៀត ជាមួយនឹងការជឿជាក់លើសមត្ថភាពរបស់កីឡាករវ័យក្មេងរូបនេះ នឹងថែមទាំងបានបញ្ជាក់ថា: ” ជាមួយនឹងទេពកោសល្យរបស់គាត់ គាត់អាចជាផ្នែកដ៏សំខាន់នៃក្រុមនេះ គាត់អាចជាផ្នែកដ៏សំខាន់សម្រាប់ក្រុមអង់គ្លេសផងដែរ ” ។

លោកបន្តទៀតថា ៖  ” គាត់អាចបង្ហាញវានៅទីនេះ នៅក្លឹបតោខៀវ ដែលជាក្រុមដែលគាត់បានចាប់កំណើតក្នុងថ្មាលយុវជននៅទីនេះ ហើយគាត់នឹងក្លាយជាកីឡាករលំដាប់ពិភពលោក ព្រោះខ្ញុំពិតជាជឿជាក់លើគាត់ ” ៕

ប្រភព: Metro