Lazio បន្ដការតាមប្រកៀក Juventus ក្នុងតារាង Serie A ខណៈ Immobile បន្ដនាំមុខ Ronaldo ក្នុងបញ្ជី Top Scorer

Lazio បានយកឈ្នះទៅលើក្រុម Genoa ដោយលទ្ធផល 3-2 ដែលជួយឲ្យពួកគេ បន្ថយគំលាតត្រឹមតែ១ពិន្ទុពីក្រុមកំពូលតារាង Serie A, Juventus ដែលបានយកឈ្នះ SPAL កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Adam Marušić, Ciro Immobile និង Danilo Cataldi រកគ្រាប់បាល់បានម្នាក់មួយគ្រាប់ ដើម្បីធានាឲ្យក្រុមដែលឈរនៅលេខ២ ក្នុងលីគកំពូលអ៊ីតាលី ទទួលបាន៣ពិន្ទុ ហើយពួកគេកើនគំលាតដល់ ៥ពិន្ទុពីក្រុមលេខ៣ Inter Milan ដែលនៅសល់មួយប្រកួតក្នុងដៃទល់នឹងក្រុម Sampdoria ដែលត្រូវលើកថ្ងៃ ក្រោយពីមានការរីករាលដាលជំងឺកូរ៉ូណាវីរុស។

គួរបញ្ជាក់ថា គ្រាប់បាល់មួយគ្រាប់របស់ខ្សែប្រយុទ្ធឆ្នើម Immobile ជួយឲ្យរូបគេបន្ដឈរនៅកំពូលក្នុងបញ្ជីអ្នករកគ្រាប់បាល់ច្រើនបំផុតនៅ Serie A រដូវកាលនេះ ដែលមាន២៧គ្រាប់ ខណៈដែល Ronaldo ដែលស៊ុតបើកឆាកទល់នឹង SPAL មាន២១គ្រាប់៕

អានអត្ថបទបន្ទាប់៖ ម្ចាស់កំណត់ត្រា ចេញមុខសរសើរ Cristiano Ronaldo ដែលរកគ្រាប់បាល់១១ប្រកួតជាប់គ្នានៅ Serie A

អតីតខ្សែប្រយុទ្ធ Gabriel Batistuta បានបង្ហាញការគោរពចំពោះ Cristiano Ronaldo ដែលបានតាមស្មើកំណត់ត្រានៅ Serie A របស់លោក នៅលើបណ្ដាញសង្គម ក្រោយពីខ្សែប្រយុទ្ធព័រទុយហ្គាល់ រកគ្រាប់បាល់បើកឆាកនៅក្នុងការប្រកួតជ័យជំនះសម្រាប់ Juventus ទល់នឹងក្រុម SPAL កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។

Ronaldo អាចរកគ្រាប់បាល់បញ្ចូលទីបាន១១ប្រកួតជាប់គ្នា នៅលីគកំពូលអ៊ីតាលីរដូវកាលនេះ ហើយបានតាមស្មើកំណត់ត្រារបស់លោក Batistuta សម្រាប់ក្រុម Fiorentina កាលពីរដូវកាល ១៩៩៤/៩៥ និង Fabio Quagliarella សម្រាប់ក្រុម Sampdoria កាលពីរដូវកាលមុន។

លោក Batistuta បានសរសេរនៅលើគណនី Twitter របស់ខ្លួនជាការលើកសរសើរ Ronaldo ដែលតាមទាន់កំណត់ត្រារបស់ខ្លួន ដែលមានសេចក្ដីថា៖ “អបអរសាទរ Cristiano សម្រាប់កំណត់ត្រា! រឿងតែមួយគត់គឺថា វាងាយស្រួលជាងនេះ សម្រាប់ខ្ញុំ នៅពេលដែលអ្នកសម្រាក។”

ក្នុងន័យនេះលោក Bartistuta ចង់បានន័យថា ជាការពិត Ronaldo បានសម្រាកកាលមួយប្រកួតពីសប្ដាហ៍មុន ក្នុងការប្រកួតជ័យជំនះទល់នឹងក្រុម Brescia ចំណែកឯរូបលោក រកគ្រាប់បាល់១១ប្រកួតជាប់គ្នាសម្រាប់ Fiorentina ដោយមិនមានសម្រាកក្នុងការប្រកួតណាមួយនៅចន្លោះនោះឡើយ៕

ប្រភព៖ Football Italia