Leicester ខកឱកាសឡើងកៀកកំពូលតារាង ក្រោយបរាជ័យក្រោមថ្វីជើងក្រុមទើបប្រូម៉ូតឡើង

Fulham យកបាន៣ពិន្ទុពី Leicester City នៅក្នុងការប្រកួត Premier League ក្រោយទទួលបានជ័យជម្នះដោយលទ្ធផល ២-១ នៅកីឡដ្ឋាន King Power ធ្វើឱ្យពួកគេរំកិលមួយលេខពីតំបន់ត្រូវកាត់ចេញ។

មុនការប្រកួតនារាត្រីថ្ងៃចន្ទនេះមកដល់ Fulham បានខកខាន ក្នុងការរកគ្រាប់បាល់ដោយការស៊ុតប៉េណាល់ទី៣លើកនៅ Premier League ប៉ុន្ដែសម្រាប់ការប្រកួតនេះ ក្រុមដែលទើបតែប្រូម៉ូតឡើងពីលីគទី២អង់គ្លេស ទទួលបាន៣ពិន្ទុពីការស៊ុតបាល់១១ម៉ែត្រ។

Ademola Lookman ស៊ុតបញ្ចូលទីបើកឆាកសម្រាប់ក្រុមភ្ញៀវ Fulham នៅនាទីទី៣០ មុនពេល Ivan Cavaleiro រកគ្រាប់បាល់ទី២ ដោយការស៊ុតបាល់១១ម៉ែត្រនៅ៨នាទីបន្ទាប់ ដោយសារ Christian Fuchs របស់ក្រុមម្ចាស់ផ្ទះ បានបង្កកំហុសលើ Bobby Decordova-Reid នៅតំបន់គ្រោះថ្នាក់។

ទោះយ៉ាងណាក្ដី ខ្សែបម្រើ Harvey Barnes ដែលប្ដូរចូលនៅដើមតង់ទី២ រកបានមួយគ្រាប់វិញឱ្យ Leicester នៅ៤នាទីមុនការប្រកួតបញ្ចប់ ប៉ុន្ដែមិនគ្រប់គ្រាន់សម្រាប់ក្រុមម្ចាស់ផ្ទះ ក្នុងការដណ្ដើមពិន្ទុពី Fulham ឡើយ។

សម្រាប់លទ្ធផលនេះបានជួយឱ្យ Fulham រំកិលចេញពីតំបន់ត្រូវកាត់ចេញ មកកាន់លេខ១៧ ខណៈក្រុម Leicester ដែលខកឱកាសក្នុងការតាមស្មើពិន្ទុជាមួយ Liverpool និង Spurs បន្ដឈរនៅលេខ៤ដដែល៕

អានអត្ថបទបន្ទាប់៖ អ្នកចាំទីម្នាក់នៅ PL អះអាងថាខ្លួនជាអ្នកស៊ុតប៉េណាល់ទីល្អបំផុតប្រចាំក្រុម

អ្នកចាំទី Ederson របស់ Manchester City បាននិយាយទាំងមានទំនុកចិត្តថា រូបគេជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត នៅក្នុងចំណោមកីឡាករក្នុងក្រុម។

ក្រុមមេឃខៀវ មិនទាន់មានលំនឹងចំពោះអ្នកស៊ុតបាល់១១ម៉ែត្រនៅក្នុងក្រុមនៅឡើយទេ ដោយកីឡាករ Gabriel Jesus, Raheem Sterling, Sergio Aguero, Ilkay Gundogan និង Kevin De Bruyne សុទ្ធតែស៊ុតប៉េណាល់ទីមិនបានល្អ ចាប់តាំងពីរដូវកាលមុន។

ហើយ De Bruyne ជាកីឡាករចុងក្រោយ ដែលធ្វើឱ្យខកខានការរកបាន៣ពិន្ទុ ពីការប្រកួតដែលបញ្ចប់ក្នុងលទ្ធផល ១-១ ទល់នឹងLiverpool នៅពេលដែលរូបគេ ស៊ុតបាល់ប៉េណាល់ទីមិនបានសម្រេច កាលពីខែមុន។

Edison ដែលបច្ចុប្បន្នត្រូវបានចាត់ទុកថា ជាកំពូលអ្នកចាំទីមួយរូប បានអះអាងថារូបគេមានសមត្ថភាពខ្ពស់ក្នុងការរ៉ាប់រងតួនាទី ជាអ្នកស៊ុតបាល់១១ម៉ែត្របានល្អបំផុតនៅក្នុងក្រុម។

អ្នកចាំទីប្រេស៊ីលរូបនេះបាននិយាយថា៖ “ខ្ញុំមិនបានហ្វឹកហាត់ហ្រ្វីឃីគច្រើនទេ។ ខ្ញុំបានហ្វឹកហាត់ស៊ុតប៉េណាល់ទី ហើយនៅពេលដែល ខ្ញុំនៅលេងឱក្លិប Ribeirao ខ្ញុំស៊ុតហ្វ្រីឃីគខ្លះៗ ប៉ុន្ដែវាគ្រាន់ជាអតីតកាលប៉ុណ្ណោះ”។

“នោះគ្រាន់ជាអតីតកាល ហើយយើងមានអ្នកដែលស៊ុតហ្វ្រីឃីគយ៉ាងល្អ។ ការស៊ុតប៉េណាល់ទី ខ្ញុំគឺជាអ្នកស៊ុតប៉េណាល់ទីល្អបំផុត ប៉ុន្ដែខ្ញុំមិនត្រូវបានជ្រើសរើសឱ្យស៊ុតវានោះទេ”៕

ប្រភព៖ talkSPORT