Liverpool ឬ Man Utd ? ជើងចាស់ Ferdinand ចង្អុលភ្លែតថាក្រុមមួយនេះ នឹងលើកពានលីគ

សម្រាប់អ្នកគាំទ្ររបស់ក្រុម Manchester United វាគ្មានការរំពឹងទុកណាមួយ ដែលចង់ឲ្យក្រុមផ្សេង ក្រៅពីក្រុមដែលខ្លួនស្រលាញ់ឈ្នះពានរង្វាន់នោះទេ ហើយចំណែកឯវីរបុរសក្រុមបិសាចក្រហមលោក Rio Ferdinand បានបង្ហាញទាំងស្ទាក់ស្ទើចំពោះក្រុម ដែលលោកគិតថានឹងឈ្នះពានលីគ រវាង Liverpool និង Man City ។

ជាក់ស្តែងក្រុម Liverpool កំពុងឈរនៅលើកំពូលតារាងក្របខណ្ឌ Premier League បណ្តោះអាសន្ន ខណ:ដែលក្រុម Man City នៅសល់មួយប្រកួតទៀតនៅក្នុងដៃ ហើយពួកគេនឹងមានឱកាសឡើងទៅឈរលេខ ១ វិញ បើសិនអាចទទួលជ័យជម្នះលើក្រុម Fullham ។

យ៉ាងណាមិញសំណួរមួយដែលមនុស្សជាច្រើនតែងតែបានលើកឡើង គឺថាក្រុមមួយណា ដែលនឹងអាចឈ្នះពានរង្វាន់លីគនៅរដូវកាលនេះ ហើយ Liverpool និង Man City ជាក្រុមដែលគេគិតថាមានភាគរយខ្ពស់ជាងគេ ។

លើសពីនេះដោយនិយាយទៅកាន់ Mirror Sport លោក  Ferdinand បានបង្ហើបពីក្រុមណា ដែលលោកគិតថានឹងឈ្នពានរង្វាន់នេះ ដោយនិយាយថា ៖ ” វាជារឿងដ៏លំបាកមួយ ដែលក្នុងនាមជាអ្នកគាំទ្ររបស់ក្រុម Man Utd ម្នាក់ ត្រូវលើកឡើងពីក្រុមដទៃទៀត ប៉ុន្តែក្នុងនាមខ្ញុំជាអ្នកវិភាគបាល់ទាត់ម្នាក់ ខ្ញុំនឹងនិយាយរឿងនេះជាសាធារណ: ” ។

លោកបន្តទៀតថា ៖ ” ដូច្នេះ ក្នុងចំណោមក្រុមទាំងពីរនោះ ខ្ញុំគិតថា Man City នឹងអាចឈ្នះពានរង្វាន់លីគ ដោយនេះជាអ្វីដែលខ្ញុំមើលឃើញជាក់ស្តែង ” ៕

ប្រភព: Mirror