Lukaku ប្រាប់ពីតារាឆ្នើមបីរូប ដែលផ្ដល់ដំបូន្មាន សំរាប់ការរកគ្រាប់បាល់

ខ្សែប្រយុទ្ធ Romelu Lukaku បានប្រាប់ពី ម្ចាស់ពានស្បែកជើងមាសនៅ Premier League បីរូបដែលរូបគេគួរយកគំរូតាម។ ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United រកគ្រាប់បាល់នៅក្នុងលីគបាន ១៦គ្រាប់កាលពីរដូវកាលមុន ដែលតិចជាង Top Scorer ខ្សែប្រយុទ្ធ Mohamed Salah របស់ Liverpool។

ក្នុងរដូវកាលនេះ Lukaku រកបានបីគ្រាប់ហើយសំរាប់ការបង្ហាញខ្លួន៤ប្រកួត ដែលក្នុងនោះមានពីរគ្រាប់គឺរកបាន ក្នុងជំនួបទល់នឹងក្រុម Burnley។

ហើយក្រុមបិសាចក្រហម នឹងត្រូវជួបប្រកួតទល់នឹងក្រុម Watford នៅយប់ថ្ងៃសៅរ៍នេះ ដោយ ខ្សែប្រយុទ្ធបែលហ្ស៊ិករំពឹងថា រូបគេរកគ្រាប់បាល់បានបន្ថែមទៀត ដោយមានការជំរុញទឹកចិត្តរបស់ ម្ចាស់ពានស្បែកជើងមាស Didier Drogba, Thierry Henry និង Nicolas Anelka។

នៅក្នុងបទសម្ភាសន៍ជាមួយ BBC Sport Lukaku បាននិយាយពីអតីតមិត្តរួមក្រុមនៅក្លឹបតោខៀវ Drogba ថាពួកគេទាំងពីរតែងតែនិយាយគ្នារាល់ថ្ងៃ។ Drogba ជាផ្នែកមួយនៃកំលាំងចិត្ដដែលអាចជំរុញអោយ  Lukaku មានសង្ឃឹមរកគ្រាប់បាល់បាន។

អតីតខ្សែប្រយុទ្ធក្រុម Everton ក៏បានបង្ហើបផងដែរថា រូបគេទទួលបានដំបូន្មានល្អៗពី Henry ដែលជាជំនួយការគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក ព្រមទាំង Drogba ផងដែរ ហើយរូបគេទទួលយកនូវអ្វីដែលជាយោបល់រៀមច្បងទាំងពីរ ដោយសារពួកគាត់សុទ្ធតែធ្លាប់ឆ្លងកាត់បទពិសោធន៍អស់ទាំងនោះរួចមកហើយ។

ក្រៅពីអតីតតារាឆ្នើមនៅ Premier League ទាំងពិររូបនេះ Lukaku ក៏បានរំលឹកពី Nicolas Anelka  ដែលបានចំណាយពេលជាមួយគ្នាបានមួយរដូវកាល នៅទឹកដិ Stamford Bridge ហើយដំបូន្មានរបស់បុរសទាំងបីរូបនេះ បានជំរុញអោយ រូបគេក្លាយជាកីឡាករដែលអាចរកគ្រាប់បាល់បានច្រើនមកទល់បច្ចុប្បន្ន៕

ប្រភព៖ Mirror

មតិយោបល់