Lukaku ផាត់​ចោល​ឈ្មោះ Ole ហើយ​ជ្រើស​យក​គ្រូ​រូប​នេះ​ថា​ល្អ​ដាច់​គេ​ក្នុង​លោក

តារា​ឆ្នើម​សម្បុរ​ខ្មៅ Romelu Lukaku ​ហាក់​មាន​ភាគរយ​ខ្ពស់​ប្រឈម​នឹង​ការ​ចាកចេញ​ពី​ក្លឹប​នា​រដូវ​ក្តៅ​ខាង​មុខ​នេះ បន្ទាប់​ពី​រូប​គេ​ធ្លាប់​បង្ហើប​កន្លង​ទៅ​ថា​ភ្នាក់ងារ​របស់​លោក​កំពុង​ដុតដៃដុតជើង​រត់ការ​លើ​កិច្ច​ព្រមព្រៀង តែ​មិន​បង្ហើប​ជា​ការ​បន្ត​កុងត្រា​ឬ​ផ្លាស់​ទៅ​ក្លឹប​ថ្មី។

យ៉ាងណាមិញ​ប្រាប់​សារព័ត៌មាន Premium Sport ថ្មីៗ​នេះ ខ្សែ​ប្រយុទ្ធ Lukaku ​បាន​បញ្ជាក់​ដល់​ឈ្មោះ​អ្នកចាត់ការ​មួយ​រូប​ដែល​ខ្លួន​គិត​ថា​ល្អ​បំផុត នោះ​គឺ​លោក Antonio Conte ដែល​ធ្លាប់​រួបរួម​គ្នា​នៅ​ក្លឹប Chelsea កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

កីឡាករ​បែលហ្សិក​ប្រាប់​ថា៖ “វា​ពិត​ជា​ល្អ​ដែល​ឃើញ Conte ទៅ​ចូលរួម​នៅ Inter សម្រាប់​ខ្ញុំ​គាត់​គឺ​ល្អ​បំផុត​ក្នុង​លោក ដោយ​ខ្ញុំ​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​រួច​ហើយ​អំពី​អនាគត តែ​មិន​ទាន់​ទម្លាយ​បាន​នៅ​ឡើយ ព្រោះ​ខ្ញុំ​នៅ​មាន​កុងត្រា​ជាមួយ Man Utd ហើយ​គោរព​ដល់​ក្លឹប”។

លោក​បន្ត​ថា៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ​មួយ​រូប​សម្រាប់ Serie A ហើយ​កន្លង​ទៅ Ronaldo គាត់​បាន​មក​ដល់​អ៊ីតាលី ហើយ Sarri ក៏​អាច​នឹង​ទៅ​ដឹកនាំ Juve ស្រប​ពេល Ancelotti នៅ​ទីក្រុង Naples ​បែប​នេះ Serie A រដូវ​កាល​ក្រោយ​នឹង​ពិត​ជា​អស្ចារ្យ”។

ប្រភព:FoxSportAsia