Man City សំលឹងឃើញខ្សែការពារកំពូលពីររូបនេះ មកជំនួសតំណែង Kompany ដែលត្រូវចាកចេញ

ក្លឹប Manchester City កំពុងសម្លឹងរកមើលអ្នកមកជំនួសតំណែងកីឡាករ Vincent Kompany ជាមួយនឹងជម្រើសកីឡាករ Matthijs de Ligt និង Harry Maguire ។

ជាក់ស្តែងក្លឹបបានធ្វើការប្រកាសជាផ្លូវការថា Kompany បានលេងការប្រកួតចុងក្រោយរបស់គេសម្រាប់ក្លឹបកាលពីថ្ងៃសៅរ៍ ដោយជ័យជម្នះក្នុងលទ្ធផល 6-0 លើក្រម Watford នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន FA Cup ។

ហើយយ៉ាងណាមិញក្នុងពេលឥឡូវនេះលោក Pep Guardiola កំពុងសំលឹងរកមើល អ្នកដែលអាចមកបំពេញនូវចន្លោះប្រហោងដ៏ធំមួយនេះ ដែលជាការចាកចេញដោយកីឡាករ Kompany ក្រោយពីបានចំណាយពេល 11 ឆ្នាំជាមួយក្លឹប ។

គួរបញ្ជាក់ថាប្រធានក្រុម Ajax កីឡាករ De Ligt គឺជាខ្សែការពារម្នាក់ក្នុងចំណោម កីឡាករដែលមានទេពកោសល្យបំផុតនៅក្នុងកីឡាបាល់ទាត់ពិភពលោក និងជាជម្រើសមួយដែលអាចសក្តិសមសម្រាប់មកជំនួសតំណែងនេះ ។

មិនតែប៉ុណ្ណោះលោក Guardiola ក៏ចង់បានតារាឆ្នើមរបស់អង់គ្លេស និងក្រុម Leicester កីឡាករ Maguire ផងដែរ បើទោះបីជាក្លឹបមិនទាន់បានដាក់សំណើណាមួយសម្រាប់កីឡាករ 26 ឆ្នាំក៏ដោយ ៕

ប្រភព: Daily Mail