Man United ជាជម្រើសល្អបំផុត ក្នុងចំនោមក្លឹប៣ សំរាប់លោក Zidane

អតីតអ្នកចាត់ការក្លឹប Real Madrid លោក Zinedine Zidane បានបង្ហើបថា លោកនឹងត្រលប់មកកាន់តំណែងជាគ្រូបង្វឹកបាល់ទាត់សារជាថ្មី ហើយក្លឹប Manchester United អាចជាគោលដៅបន្ទាប់របស់បុរសសញ្ជាតិបារាំងរូបនេះ។

លោក Zidane បាននិយាយនៅក្នុងទូរទស្សន៍អេស្ប៉ាញ RTVE ថា៖ “ពិតណាស់ ខ្ញុំនឹងត្រលប់មកកាន់អាជីពជាគ្រូបង្វឹកសារជាថ្មីនាពេលឆាប់ៗនេះ។ វាជាអ្វីដែលខ្ញុំចង់ធ្វើ ហើយ វាជាអ្វីដែលខ្ញុំនឹងធ្វើពេញមួយជីវិតរបស់ខ្ញុំ។”

រយៈពេលបីខែ បន្ទាប់ពីបញ្ចប់តំណែងរបស់ខ្លួន ក្នុងការដឹកនាំក្រុម Real Madrid ឈ្នះពាន Champions League បីរដូវកាលជាប់គ្នា ពេលនេះបុរសវ័យ៤៦ឆ្នាំរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមការប្រកួតប្រជែងថ្មីមួយ។

មានមតិមួយចំនួនធ្លាប់បានលើកឡើងថា Zidane មានគោលដៅក្នុងការដឹកនាំក្រុមបារាំងនៅថ្ងៃណាមួយ  ប៉ុន្ដែស្ថានភាពត្រូវប្រែប្រួល ក្រោយលោក Didier Deschamps សំរេចចិត្តស្នាក់នៅ ដឹកនាំក្រុមមាន់គកបារាំងបន្ដទៀត បន្ទាប់ពីទទួលបានជោគជ័យឈ្នះពាន World Cup នៅរុស្ស៊ី ហើយក្ដីសង្ឃឹមដែលលោក Zidane មកដឹកនាំ ហាក់នៅឆ្ងាយសន្លឹម។

នៅអ៊ីតាលី គេជឿជាក់ថា លោក Zidane អាចនឹងជំនួសតំណែងរបស់លោក Massimiliano Allegri ក្នុងការដឹកនាំក្រុម Juventus។ អ្នកចាត់ការសញ្ជាតិបារាំង ធ្លាប់ជាកីឡាករឆ្នើមនៅក្លឹបសេះបង្កង់ ហើយ អតីតកូនក្រុមរបស់លោក Cristiano Ronaldo ដែលជោគជ័យជាមួយគ្នានៅអេស្ប៉ាញ បច្ចុប្បន្ន បានផ្លាស់មកលេងនៅទីក្រុងទូរីនផងដែរ។

ដោយឡែកក្រុមបារាំង Paris Saint-Germain វិញ ក៏អាចជាទ្រនំថ្មីដែល ម្ចាស់ពាន Ballon d’Or ឆ្នាំ ៩៨ រូបនេះ អាចចាប់អាជីពជាគ្រូបង្វឹកសារជាថ្មីផងដែរ ប៉ុន្ដែ Zidane មានកំណើតនៅ Marseille ដែលមានក្លឹបជាគូប្រជែងដ៏ធំមួយរបស់ PSG អាចធ្វើអោយមានការពិបាកដល់កិច្ចព្រមព្រៀង ជាមួយនឹងក្រុមការពារជើងឯក Ligue 1។

ម៉្យាងវិញទៀត វាជារឿងដែលពិបាកទៅរួច ដោយសារតែ PSG ទើបតែបានតែងតាំងលោក Thomas Tuchel ហើយវាអាចនឹងក្លាយជារឿងដ៏ចំរូងចំរាស់មួយ។

សំរាប់ក្លឹបអង់គ្លេស Manchester United អាចជាគោលដៅនាំមុខគេសំរាប់លោក Zidane ខណៈដែលកៅអីរបស់អ្នកចាត់ការ Jose Mourinho ហាក់មានភាពរង្គោះរង្គើ។ សំរាប់បួនប្រកួតបើករដូវកាលនៅក្នុងលីគ ក្រុមបិសាចក្រហមទទួលបានជ័យជំនះតែ ២ប្រកួតប៉ុណ្ណោះ ដែលធ្វើអោយ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ប្រឈមមុខនឹងការត្រូវបណ្ដេញចេញពីតំណែង។

Zidane អាចនឹងក្លាយជាជម្រើសបន្ទាប់របស់ នាយកប្រតិបត្តិរបស់បិសាចក្រហមលោក Ed Woodward ដែលមានទំនាក់ទំនងមិនសូវល្អជាមួយលោក Mourinho។ ពិតណាស់ United ជាក្លឹបដែលសក្ដិសមបំផុតដែលចាប់អារម្មណ៍លោក Zidane ក្នុងករណីដែលលោកចង់បានឱកាសដឹកនាំកាន់តែឆាប់ វាជាជម្រើសដ៏ល្អមួយ៕

ប្រភព៖ Goal

មតិយោបល់