Marcelo ទំលាយអាថ៌កំបាំងដែល បានលាក់ទុកជុំវិញការចាកចេញរបស់ Ronaldo

ប្រព័ន្ធផ្សព្វផ្សាយ Esporte Interativo របស់ប្រេស៊ីល បានបង្ហោះវីដេអូទាក់ទងនឹងបទសម្ភាសន៍ខ្សែការពារ Marcelo របស់ Real Madrid ចូលទៅក្នុងបណ្ដាញសង្គម ហើយនៅក្នុងវីដេអូនោះ ខ្សែការពារស្លាបឆ្វេងរូបនេះ និយាយពីរឿងលាក់បាំងទាក់ទងនឹងអតីតមិត្តរួមក្រុម Cristiano Ronaldo ដែលបានចាកចេញទៅចូលរួមជាមួយនឹងក្លឹបអ៊ីតាលី Juventus កាលពីរដូវក្ដៅកន្លងទៅ។

ក្នុងបទសម្ភាសន៍របស់អ្នកកាសែត Tatiana Mantovani បានទំលាយថា Ronaldo បានប្រាប់រូបគេ ថាបានសំរេចចិត្តពីទឹកដី Santiago Bernabeu មួយសប្ដាហ៍ មុនការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រទល់នឹង Liverpool មកដល់ ដែលក្រោយមក ក្រុមអធិរាជសបានយកឈ្នះ ហង្សក្រហមក្នុងលទ្ធផល ៣-១ លើពានអឺរ៉ុបលើកទី១៣ របស់ខ្លួន។

ក្នុងកិច្ចសន្ទនាជាមួយនឹង លោក Mantovani ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំ បាននិយាយថា៖ “Holy sh*t! យើងកំពុងតែហ្វឹកហាត់ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយគេ[Ronaldo] បានមកនិយាយប្រាប់ខ្ញុំថា គេ នឹងចាកចេញពីក្លឹប!»”

ហើយលោក Mantovani បានសួរបញ្ជាក់ថា៖ “គេបានប្រាប់លោកមុនពេលប្រកួតផ្ដាច់ព្រ័ត្រ? អ៊ីចឹងមានន័យថាលោកកុហកខ្ញុំ!”

Marcelo ឆ្លើយតបថា៖ “បាទ! ខ្ញុំកុហកលោក។”

តាមពិតទៅ Marcelo  បានលាក់ទុកតែម្នាក់ឯង សំរាប់ការចាកចេញរបស់ Ronaldo ហើយរូបគេបានទំលាយប្រាប់អ្នកកាសែត Mantovani បន្ទាប់ពីខ្សែប្រយុទ្ធព័រទុយហ្គាល់ បានផ្ទេរជាផ្លូវការទៅកាន់ក្លឹប Juventus នៅ៦សប្ដាហ៍បន្ទាប់ពីជួយក្រុមលើកពាន Champions Leagueនៅទីក្រុងកៀវ៕

ប្រភព៖ AS