Mbappe ដាក់លក្ខខណ្ឌបីអោយ PSG ពិចារណា បើមិនព្រម រូបគេនឹងដើរចេញ

Kylian Mbappe ត្រូវបានចាត់ទុកថា ជាកីឡាករសំខាន់មួយរូបសំរាប់ក្លឹប Paris Saint-Germain ដោយរូបគេបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយក្លឹបយក្សបារាំងលើកពាន Ligue 1 ជាមួយនឹងគ្រាប់បាល់ ៣៣គ្រាប់ សំរាប់រដូវកាល ២០១៨/១៩។

ទោះបីជា ម្ចាស់ពាន World Cup 2018 រូបនេះ ជាកីឡាករដែលមិនអាចខ្វះបានសំរាប់ PSG ក្ដី ប៉ុន្ដែខ្សែប្រយុទ្ធបារាំងរូបនេះ មិនមែនកីឡាករដែលសំខាន់បំផុតនៅក្នុងក្រុម នោះទេ ប៉ុន្ដែជា តារាឆ្នើមប្រេស៊ីល Neymar ដែលបានផ្ទេរមកកាន់ក្លឹប ក្នុងតំលៃបំបែកកំណត់ត្រា ២២២លានអឺរ៉ូ។

ដូច្នេះហើយបានជា Mbappe មានតំរូវការមួយចំនួន  ដែលចង់អោយក្លឹបធ្វើតាម ដើម្បីអោយរូបគេក្លាយជាកីឡាករសំខាន់បំផុតប្រចាំក្លឹប។

បើយោងតាមពត៌មានដែលទទួលបានពីអ្នកកាសែត Duncan Castles របស់ Sunday Times កីឡាករឆ្នើមប្រចាំលីគកំពូលបារាំងរូបនេះ ចង់អោយមានការផ្លាស់ប្ដូរធំៗបី បើមិនដូច្នោះទេ រូបគេនឹងចាកចេញពីក្លឹប។

លោក Duncan បាននិយាយនៅក្នុងកម្មវិធី Transfer Window Podcast ថា៖ “Mbappe មានអារម្មណ៍ថា រូបគេធ្វើបានល្អជាង Neymar ក្នុងការត្រូវការចាំបាច់របស់ក្លឹប នៅលើទីលាន។

“គេចង់ធានាបានថា រូបគេនឹងលេងជាតំណែងលេខ៩ គឺខ្សែប្រយុទ្ធកណ្ដាល ជាជាង Edinson Cavani និង Neymar។ គេចង់កំណត់តំណែងនេះ អោយរូបគេផ្ទាល់។

“គេចង់ស៊ុតបាល់ប៉េណាល់ទី គេកៀកនឹងឈ្នះពានស្បែកជើងមាសអឺរ៉ុប ទៅហើយសំរាប់រដូវកាលកន្លងមក ហើយគេគិតថា បើសិនជារូបគេ ត្រូវបានអនុញ្ញាតអោយស៊ុតប៉េណាល់ទី គេអាចឈ្នះពាននេះ។

“ហើយគេក៏ចង់អោយ មានការផ្លាស់ប្ដូររបៀបលេងរបស់ PSG ផងដែរ។ គេចង់អោយក្រុមប្រើប្រាស់ទម្រង់ 4-4-2 ដែលទម្រង់នេះ ទទួលបានលទ្ធផលល្អ កាលរូបគេលេងអោយក្លឹប Monaco។”

ប្រភព៖ GiveMeSport