Michael Owen សរសើរកីឡាករ Man City ម្នាក់ ថាមានទម្រង់លេងដូចទៅនឹង Zidane

កីឡាករវ័យក្មេង Phil Foden របស់ក្លឹប Manchester City ត្រូវបានជើងចាស់លោក Michael Owen  ប្រៀបធៀបជាមួយនឹងអ្នកឈ្នះពានរង្វាន់ World Cup ជាមួយក្រុមបារាំងលោក Zinedine Zidane ។

ជាក់ស្តែង Foden ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកអាយុក្រោមអាយុ 17 ឆ្នាំជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានបង្ហាញខ្លួន 23 ប្រកួតឱ្យក្លឹប Man City នៅរដូវកាលនេះ ខណ:ដែលគេបានក្លាយជាផ្នែកសំខាន់មួយ សម្រាប់ក្រុមរបស់លោក Pep Guardiola ។

មិនតែប៉ុណ្ណោះកាលដើមខែនេះ Foden បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីវ័យក្មេងបំផុតសម្រាប់ក្រុម Man City នៅក្នុងក្របខ័ណ្ឌ Champions League ខណ:ដែលពួកគេបានផ្តួលក្រុម Schalke ក្នុងលទ្ធផល 7-0 ។

ហើយយ៉ាងណាមិញក្នុងពេលឥឡូវនេះជើងចាស់ Michael Owen បានសំរេចចិត្តធ្វើការប្រៀបធៀបដ៏ធំមួយរវាងកីឡាករ Foden និងអ្នកឈ្នះរង្វាន់ Ballon d’Or ឆ្នាំ 1998 លោក Zinedine Zidane ។

លើសពីនេះលោក Owen បាននិយាយថា ៖ ” Foden មិនបានមើលបាល់ទេ សូម្បីតែពេលដែលគាត់កំពុងរត់ជាមួយវា ហើយវាហាក់ដូចជាបាល់នៅជាប់ជើងគាត់គ្រប់ពេល ។ ហើយខ្ញុំស្រមៃឃើញថាវាពិតជាដូចទៅនឹង Zidane ខ្លាំងណាស់ ” ៕

ប្រភព: Sportbible