Neymar ខឹង PSG រឿង​មួយ ​ក្រោយ​ចាញ់ Dortmund នៅ UCL យប់មិញ

ត្បិត​បើ Neymar មាន​ឱកាស​រក​បាន​មួយ​គ្រាប់​ក៏​ពិត​មែន ប៉ុន្តែ PSG មិន​អាច​យក​ជ័យជម្នះ​ទៅ​លើ​ម្ចាស់​ដី Borussia Dortmund បាន​នោះ​ទេ ពោល​គឺ​បញ្ចប់​នា​លទ្ធផល ២-១។

Neymar
Neymar

ក្រោយ​បិទ​ការ​ប្រកួត​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត ចំពោះ​ចំណាត់ការ​របស់​ក្លឹប​ PSG កន្លង​មក​ដែល​មិន​បាន​ដាក់​ខ្លួន​ឲ្យ​ចូល​លេង ត្បិត​បើ​ខ្លួន​មាន​សភាព​ស្រួលបួល​ហើយ​ក្តី។

មុន​ប៉ះ Dortmund នៅ UCL ក្រឡេក​ទៅ ៤ ប្រកួត​កន្លង​ទៅ គឺ Neymar បាន​អវត្តមាន​ទាំង​ស្រុង ពោល​គឺ​មិន​បាន​កម្តៅ​ជើង​លើ​ទីលាន​អស់​ខ្ទង់ ១ ខែ​មុន​ត្រលប់​មក​ជាប់​ជម្រើស​ដំបូង​ផ្លូវការ​វិញ​កាល​ពី​យប់​មិញ។ Neymar ដែល​រក​បាន​គ្រាប់​បាល់​នៅ​នាទី ៧៥ និយាយ​ថា៖ “ក្លឹប​គឺ​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ជាមួយ​នឹង​ក្រុម​គ្រូ​ពេទ្យ [លើ​ការ​មិន​ឲ្យ​លេង ៤ ប្រកួត]”។

លោក​បន្ថែម៖ “ខ្ញុំ​ពិត​ជា​ចង់​លេង​ណាស់ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ស្រួលបួល​ហើយ ដោយ​ក្លឹប​ភ័យខ្លាច តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​រង​ទុក្ខ​គឺ​ខ្ញុំ​វិញ​ឯ​ណេះ​ទេ””។

Neymar

គួរ​បញ្ជាក់​ថា​នេះ​ជា​សញ្ញា​រកាំរកូស​មួយ​ផ្សេង​ទៀត​ហើយ​ដែល​រុញ​ឲ្យ​ Neymar ចេះ​តែ​ផ្ទុះ​ចចាមអារ៉ាម​ថា​អាច​នឹង​វិល​ត្រលប់​ទៅ​កាន់​ទ្រនំ​ចាស់​នៅ​ឯ Camp Nou ក្រោយ​ពី​រូប​គេ​ផ្លាស់​ចេញ​កាល​ពី​ឆ្នាំ ២០១៧ នៅ​តម្លៃ​កំណត់ត្រា ២២២ លាន​អឺរ៉ូ៕

ប្រភព៖ FoxSportAsia

អានអត្ថបទបន្ទាប់៖ Klopp ប្រាប់​មូលហេតុ​ដែល​ប្តូរ​ចេញ​ Mane នៅ​នាទី ៤៦ ​ទាំង​ដែល​ At ​នាំ​មុខ ១-០

ក្នុង​ការ​ប្រកួត​រវាង​ក្លឹប​ហង្ស​ក្រហម Liverpool ទល់​ម្ចាស់​ដី Wanda Metropolitano កាល​ពី​យប់​មិញ​បាន​បញ្ចប់​ក្នុង​លទ្ធផល ១-០ ដែល​ជា​ការ​រក​គ្រាប់​បាល់​ដោយ​កីឡាករ Saul Niguez តាំង​ពី​បើក​ឆាក​តង់​ទី​មួយ។

Sadio Mane
Jurgen Klopp

ក្នុង​នោះ​គេ​បាន​ឃើញ​លោក Jurgen Klopp ​ប្រញាប់​ប្តូរ​ចេញ Sadio Mane តាំង​ពី​នាទី ៤៦ និង​ជំនួស​មក​វិញ​ដោយ​យុវជន Divock Origi ​ហើយ​ហេតុផល​ជាក់ច្បាស់​ក៏​ត្រូវ​បាន​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ចេញ​មុខ​បកស្រាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ផង​ដែរ។

លោក Klopp បាន​ពន្យល់​ថា​ដោយ​សារ​ខ្លាច Mane ទទួល​កាត​លឿង​បន្ទាប់ (ស្មើ​នឹង​កាត​ក្រហម) ហើយ​ខកខាន​ប្រកួត​នា​ជើង​ទី ២ ទើប​មិន​ប្រថុយ​ឲ្យ​ Mane លេង​ទាំង​ជាប់​កាត​មួយ​នៅ​ឈ្មោះ​របស់​គេ​បែប​នេះ។

Jurgen Klopp
Sadio Mane

Mane ដែល​ប៉ះ​ទង្គិច​ពីរ​លើក​ជាមួយ​ខ្សែ​ការពារ Vrsaljko ​ត្រូវ​បាន​កូន​ក្រុម At មក​តវ៉ា​អាជ្ញាកណ្តាល​ឲ្យ​ពិន័យ​កាត​ក្រហម តែ​សំណាង​ល្អ​លោក​អាជ្ញាកណ្តាល​បដិសេធ ឲ្យ​ត្រឹម​កាត​លឿង​មួយ​សិន​ប៉ុណ្ណោះ តែ Klopp ជឿ​ច្បាស់​ថា​ Mane នៅ​តែ​ជា​គោលដៅ​ដែល​កូន​ក្រុម​ At សម្រុក​ឲ្យ​គេ​បាន​កាត​ទី​ពីរ​ដដែល។

ប្រាប់ BT Sport ក្រោយ​បិទ​ការ​ប្រកួត លោក Klopp ​និយាយ៖ “អត់​ទេ គេ​ជាប់​គោលដៅ​បាត់​ទៅ​ហើយ ដោយ​វា​ជា​រឿង​ពិត ត្បិត​បើ Mane លេង​បាន​ល្អ​នៅ​តង់​ទី​មួយ​ហើយ​ក្តី តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ពួក​គេ​ [At Madrid] នឹង​ធ្វើ​ឲ្យ Mane ទទួល​បាន​កាត​លឿង​បន្ទាប់​ទៀត”។

លោក​បន្ថែម​ថា៖ “វា​លំបាក​សម្រាប់​ការ​ប្រកួត ពេល​ដែល​យើង​ចាញ់​អ៊ីចឹង ប៉ុន្តែ​សម្រាប់​ខ្ញុំ​វា​មិនមែន​ជា​បរាជ័យ​នោះ​ទេ នេះ​ត្រឹម​តែ​ជា​តង់​ទី​មួយ​សម្រាប់​ខ្ញុំ​តែ​ប៉ុណ្ណោះ ហើយ​លទ្ធផល​គឺ ១-០ តែ​អ្នក​ក៏​ត្រូវ​រឹងមាំ​កាន់​តែ​ខ្លាំង​ក្នុង​ការ​ប្រកួត​បែប​នេះ”៕

ប្រភព៖ Metro