Neymar តឹងសរសៃរកជាមួយនឹងប្រធានក្លឹប PSG ដែលបានដាក់សំពាធកុងត្រាជាមួយមិត្តសំលាញ់របស់ខ្លួន

ខ្សែប្រយុទ្ធ Neymar និង ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi ហាក់មានភាពរកាំរកូសជាមួយគ្នា ដោយសារបញ្ហាកុងត្រារបស់ ខ្សែការពារប្រេស៊ីល Dani Alves។

Neymar ត្រូវប្រឈមមុខគ្នាជាមួយនឹង ប្រធានក្លឹប Al-Khelaifi កាលពីថ្ងៃព្រស្បត្តិ៍ ទាក់ទងនឹងបញ្ហាចំរូងចំរាស់រឿងកុងត្រារបស់ Alves បន្ទាប់ពី ប្រធានក្លឹប បានសន្យាជាមួយនឹង អតីតខ្សែការពាររបស់ក្រុម Barcelona។

គួរបញ្ជាក់ថា កុងត្រារបស់កីឡាករវ័យ ៣៥ឆ្នាំរូបនេះ នឹងត្រូវអស់សុពលភាព នៅខែមិថុនាខាងមុខនេះ ហើយក្លឹបបានបន្ថែមកុងត្រាថ្មីអោយគេមួយរដូវកាលទៀត ជាមួយនឹងលក្ខខណ្ឌប្រាក់ពលកម្មដែលទទួលបាន អាស្រ័យទៅលើចំនួនប្រកួតដែលគេបានចូលរួម។ ប៉ុន្ដែ Alves បានបដិសេធសំនើរនេះ ហើយគំរាមថារូបគេនឹងដើរចេញនៅចុងរដូវកាលនេះ។

នៅក្នុងកិច្ចពិភាក្សាជាមួយនឹងប្រធានក្លឹប Neymar បានទាមទារអោយ Alves បន្ដស្នាក់នៅ ដោយសំអាងថា រូបគេសប្បាយចិត្តនឹងរស់នៅប៉ារីស បើសិនជាមានមិត្តភក្ដិជិតស្និទ្ធនៅលេងជាមួយ។ ដោយឡែកគ្រូបង្វឹក Thomas Tuchel ក៏បានចេញមុខការពារ Alves ផងដែរ ដោយបានបញ្ជាក់ថា រូបគេជាកីឡាករដែលមានបទពិសោធន៍ ហើយមានសារសំខាន់សំរាប់ក្លឹប៕

ប្រភព៖ AS