Neymar បានសាងកំណត់ត្រាមួយ នៅក្នុងការប្រកួតទលនឹងសេណាកាល់នៅ សិង្ហបុរី

Neymar បានក្លាយជាកីឡាករដែលមានវ័យក្មេងជាងគេ ដែលបានបង្ហាញខ្លួន១០០ប្រកួត សំរាប់ក្រុមជម្រើសជាតិប្រេស៊ីល ក្នុងជំនួបមិត្តភាពទល់នឹងក្រុមសេណេកាល់ ដែលបញ្ចប់លទ្ធផល ១-១។

Neymar

ខ្សែប្រយុទ្ធ Roberto Firmino បានរកគ្រាប់បាល់បើកឆាកសំរាប់ក្រុមជើងឯក Copa America នៅពេលចាប់ផ្ដើមការប្រកួតបាន៨នាទី ប៉ុន្ដែត្រូវបាន Famara Diedhiou របស់ក្រុមសេណេកាល់រកគ្រាប់បាល់តាមស្មើ ដោយបាល់ពិន័យ១១មែត្រ។

Neymar

ទោះបីជាមិនអាចរកគ្រាប់បាល់នៅក្នុងការប្រកួតនេះក្ដី ប៉ុន្ដែ Neymar សឹងតែរកគ្រាប់បាល់បានទៅហើយ ដោយសារស៊ុតហ្វ្រីឃីគ នៅនាទីទី៦៧ ហើយរូបគេបានបង្កើតឱកាសសំរាប់ Richarlison ប៉ុន្ដែបានត្រឹមស៊ុតចំរបារទី។

Neymar

ថ្វីដ្បិតតែ តារាឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះ មិនអាចរកគ្រាប់បាល់នៅក្នុងការប្រកួតក៏ពិតមែន ប៉ុន្ដែខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ បានក្លាយជាកីឡាករមួយរូប ក្នុងចំណោម៧រូប ដែលមានវត្តមាននៅលើទីលានបាន ចាប់ពី១០០ប្រកួតឲ្យក្រុមប្រេស៊ីល។

បច្ចុប្បន្ន Neymar បានរកគ្រាប់បាល់សរុប ៦១គ្រាប់ សំរាប់១០០ប្រកួតដំបូងរបស់ខ្លួន ឲ្យក្រុមសាំបាប្រេស៊ីល ហើយរូបគេនៅខ្វះតែ១គ្រាប់ទៀតតែប៉ុណ្ណោះ ដើម្បីតាមស្មើ កំពូលខ្សែប្រយុទ្ធ Ronaldo Nazario។

អតីតខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Ronaldo បានប្រកាសបញ្ចប់អាជីពជាកីឡាករបាល់ទាត់របស់ខ្លួន ជាមួយនឹងគ្រាប់បាល់ និង ពានជាច្រើន ជាសមិទ្ធផលដែលទទួលបាន។

សំរាប់ក្រុមជម្រើសជាតិប្រេស៊ីល អតីតខ្សែប្រយុទ្ធរបស់ Real Madrid និង Barcelona រូបនេះ រកគ្រាប់បាល់បាន ៦២គ្រាប់ នៅក្នុងចំនោម ៩៨ប្រកួត ហើយការប្រកួតចុងក្រោយធ្វើឡើងនៅទីក្រុង Sao Paulo ក្រោយលេងបាន១៤នាទីទល់នឹងក្រុមរ៉ូម៉ានី។

ហើយអតីតខ្សែប្រយុទ្ធលេខ៩រូបនេះ ធ្លាប់បាននិយាយថា៖ “Neymar ជាអ្នកស្នងពីខ្ញុំ។ គេជាកីឡាករដែលមានទេពកោសល្យខ្ពស់ ហើយអាចអភិវឌ្ឍខ្លួន ទាំងផ្នែករាងកាយ និង បច្ចេកទេស។”

ដូចអ្វីដែល ប្រធានក្លឹប Real Valladolid រូបនេះ បាននិយាយ បច្ចុប្បន្ន Neymar ជាកីឡាករលំដាប់ទី៣ ដែលរកគ្រាប់បាល់បានច្រើនបំផុតសំរាប់ក្រុមសាំបាប្រេស៊ីល តាមពីក្រោយរូបលោក និង ស្ដេចបាល់ទាត់ Pele ហើយតារាឆ្នើមរបស់ Paris Saint-Germain រូបនេះ នៅខ្វះតែមួយគ្រាប់ទៀតប៉ុណ្ណោះ ដើម្បីតាមស្មើ Ronaldo។

កីឡាករដែលរកគ្រាប់បាល់បានច្រើនបំផុតសំរាប់ជម្រើសជាតិប្រេស៊ីល៖

  1. Pele: 77 គ្រាប់​ / 92 ប្រកួត
  2. Ronaldo: 62 គ្រាប់ / 98 ប្រកួត
  3. Neymar: 61 គ្រាប់ / 100 ប្រកួត
  4. Romario: 55 គ្រាប់ / 70 ប្រកួត
  5. Zico: 48 គ្រាប់ / 71 ប្រកួត

ប្រភព៖ Be Soccer