Owen៖ “រវាង​អង់គ្លេស-ហូឡង់ ខ្ញុំ​ថា​ក្រុម​មួយ​នេះ​នឹង​ត្រូវ​ជួប​ព័រទុយហ្គាល់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ”

នា​យប់​នេះ​ក្រុម​តោ​កំណាច​អង់គ្លេស​នឹង​ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហូឡង់​នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Nations League ដើម្បី​សម្រេច​យក​ក្រុម​មួយ​ដែល​ត្រូវ​ប៉ះ​ក្រុម​ព័រទុយហ្គាល់​នា​វគ្គ​ផ្តាច់ព្រ័ត្រ។

យោង​តាម​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម Michael Owen បាន​ទស្សន៍ទាយ​លទ្ធផល​ទុក​ជា​មុន ដោយ​ថា​ក្រុម​ព័រទុយហ្គាល់​ពិត​ណាស់​ប្រាកដ​ជា​នឹង​បាន​ជួប​អង់គ្លេស​នា​វគ្គ​ផ្តាច់ព្រ័ត្រ​ថ្ងៃ​ទី ៩ ​មិថុនា​ខាង​មុខ។

Owen បាន​ប្រាប់ប BetVictor ដូច្នោះ​ថា៖ “តោ​កំណាច​អង់គ្លេស​បាន​ឈ្នះ ៥ ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ដោយ​ស៊ុត​បាន ៥ គ្រាប់​ទល់​សាធារណរដ្ឋ​ឆែក​និង​ម៉ុងតេណេហ្រ្គោ​នៅ​វគ្គ​ជម្រុះ Euro ២០២០ នា​ខែ​មិនា”។

លោក​បន្ត​ថា៖ “ខ្ញុំ​មាន​អារម្មណ៍​ថា​អង់គ្លេស​ជា​ក្រុម​រឹងមាំ បែប​នេះ​ហើយ​មិន​មាន​នរណា​អាច​និយាយ​ថា​ពួក​គេ​មិន​សក្តិសម​នឹង​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឡើយ”។

ប្រភព: Mirror