Owen ប្រាប់ឈ្មោះអតីតកីឡាករ Liverpool ម្នាក់ ដែលមានកំរិតលេងក្រោម Zidane តែម្នាក់ប៉ុណ្ណោះ

Michael Owen ធម្លាប់បានលេងជាមួយកីឡាករលំដាប់ពិភពលោកជាច្រើនរូប នៅក្នុងអាជីពរបស់គាត់ ដែលក្នុងនោះគាត់ធ្លាប់លេងឱ្យក្លឹបធំៗជាច្រើនដូចជា Liverpool, Real Madrid និង Manchester United ។

ហើយយ៉ាងណាមិញ Owen បានអោយតម្លៃទៅលើអតីតកីឡាករក្រុម Liverpool ម្នាក់ ដែលគាត់បានចាត់ទុកថាជាកីឡាករដែលមានកំរិតលេង ក្រោមលោក Zinedine Zidane តែម្នាក់ប៉ុណ្ណោះ ខណ:ដែលអតីតកីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវគេចាត់ទុកថាជាកីឡាករល្អបំផុតម្នាក់ នៅគ្រប់ពេលវេលាទាំងអស់ ។

ជាក់ស្តែងម្នាក់នោះប្រាកដថាគឺជា Steven Gerrard ដែលលោក Owen ធ្លាប់បានលេងជាមួយគ្នា នៅក្នុងរយ:ពេលខ្លីមួយ ហើយបន្ទាប់មកអតីតខ្សែបម្រើរូបនេះបានបន្តដឹកនាំ Liverpool ឆ្ពោះទៅរកជោគជ័យនៅក្នុងពាន Champions League ឆ្នាំ ២០០៥ ។

មិនតែប៉ុណ្ណោះដោយនិយាយអំពី Gerrard នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ BBC Sport លោក Owen បាននិយាយថា ៖ ” ខ្ញុំបានលេងជាមួយកីឡាករឆ្នើមៗ មួយចំនួន – Zidane គឺជាអ្នកដែលមានសមត្ថភាពខ្ពស់មួយពីធម្មជាតិ ” ។

លោកបន្តទៀតថា ៖ ” ប៉ុន្តែប្រសិនបើខ្ញុំត្រូវលេងការប្រកួតដ៏ធំបំផុតនៃជីវិតរបស់ខ្ញុំនៅថ្ងៃស្អែកនេះ មនុស្សដំបូងដែលខ្ញុំគិតដល់ ប្រហែលជា Stevie ។ គាត់អាចធ្វើអ្វីៗគ្រប់យ៉ាង ” ៕

ប្រភព: Mirror