Piatek ស៊ុតប៉េណាល់ទី ឆក់យកបាន១ពិន្ទុសម្រាប់ក្រុម Hertha Berlin ក្នុងជំនួបទល់នឹង RB Leipzig

គ្រាប់បាល់ប៉េណាល់ទីចុងម៉ោងរបស់ Krzysztof Piatek បានជួយឲ្យក្រុម Hertha Berlin វាយបកតាមស្មើ RB Leipzig ដែលនៅសល់គ្នា១០នាក់ ក្នុងលទ្ធផល 2-2។

ខ្សែបម្រើ Marko Grujic បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ Hertha ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់តាមស្មើវិញដោយ Lukas Klostermann មុនពេលដែល ខ្សែការពារ Marcel Halstenberg ត្រូវបានបណ្ដេញចេញពីការប្រកួត បន្ទាប់ពីទទួលបានកាតលឿង២ដង។

ប៉ុន្ដែកំហុសបច្ចេកទេសរបស់ អ្នកចាំទីក្រុម Hertha កីឡាករ Rune Jarstein ធ្វើឲ្យក្រុមម្ចាស់ផ្ទះ នាំមុខសារជាថ្មីដោយការស៊ុតបញ្ចូលទីរបស់ Patrik Schick។

ទោះយ៉ាងណាក្ដី ការបង្កកំហុសនៅតំបន់គ្រោះថ្នាក់របស់កីឡាករក្រុម Leipzig បានបើកឱកាសឲ្យ Piatek ស៊ុតបាល់១១ម៉ែត្រតាមស្មើសម្រាប់ក្រុម Hertha៕

អានអត្ថបទបន្ទាប់៖ Bale បង្ហាញហេតុផល ដែលធ្វើឲ្យខ្លួនលេងមិនបានល្អ និង បាត់បង់ទំនុកចិត្ត

ខ្សែប្រយុទ្ធ Gareth Bale របស់ក្រុម​ Real Madrid ជារឿយៗត្រូវបានអ្នកគាំទ្រដែលមកទស្សនាការប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ស្រែកចំអក ដែលធ្វើឲ្យរូបគេបាត់បង់ទំនុកចិត្ត។

កីឡាករសញ្ជាតិវេលស៍រូបនេះ តែងតែទទួលបានការរិះគន់ សម្រាប់សកម្មភាព ក្នុងនិង ក្រៅទីលានប្រកួត សម្រាប់ការរ៉ាប់រងតួនាទីនៅតំបន់ប្រយុទ្ធ ក្រោយពីការចាកចេញរបស់ Cristiano Ronaldo ទៅកាន់ក្លឹប Juventus កាលពីឆ្នាំ ២០១៨។

Bale បាននិយាយថា៖ “យើងទទួលបានសំពាធច្រើននៅគ្រប់ការប្រកួត។ ប្រសិនបើអ្នកមិនអាចលេងបានល្អ មានការនិយាយរិះគន់។ មានមនុស្ស៨ម៉ឺននាក់នៅក្នុងកីឡដ្ឋាន ផ្លុំកញ្ចែដាក់រូបខ្ញុំព្រោះខ្ញុំលេងមិនបានល្អ។ វាមិនល្អនោះទេ ហើយវាធ្វើឲ្យអ្នកបាត់ទំនុកចិត្តផងដែរ។”

“អ្នកអាចរំពឹងថា ប្រសិនបើអ្នកធ្វើមិនបានល្អនៅលើទីលានប្រកួតទេនោះ អ្នកគាំទ្ររបស់អ្នក គួរតែនៅពីក្រោយអ្នកហើយព្យាយាមជួយអ្នកឲ្យធ្វើបានកាន់តែល្អ ព្រោះវានឹងធ្វើឲ្យពួកគេរីករាយ។”

“ប៉ុន្ដែវាហាក់ដូចជា ពួកគេធ្វើផ្ទុយពីនេះ។ ពួកគេផ្លុំកញ្ចែដាក់អ្នក ដែលធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែមិនល្អ អ្នកបាត់បង់ទំនុកចិត្ត អ្នកលេងមិនបានល្អ ហើយក្រោយមកវាធ្វើឲ្យពួកគេកាន់តែមិនសប្បាយចិត្ត។”

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំបានបន្ដថា៖ “នៅក្នុងវិស័យបាល់ទាត់ អ្នកប្រហែលជាលេងបានយ៉ាងល្អ ដោយមិនមានគ្រាប់បាល់៥ប្រកួត ហើយក្រោយមកគ្រប់គ្នានិយាយថា អ្នកលេងមិនល្អ។”

“អ្នកបាននិយាយប្រាប់ខ្លួនឯង ថាអ្នកលេងបានល្អ អ្នកគ្រាន់តែមិនបានរកគ្រាប់បាល់ ឬបញ្ជូនតែប៉ុណ្ណោះ។ ប៉ុន្ដែអ្នកខ្លះចង់ឲ្យមានគ្រាប់បាល់ assist ហើយនឹងរឿងអស្ចារ្យ។ ពេលខ្លះវាមិនតែងតែកើតឡើងនោះទេ។”

ប្រភព៖ Marca