Pogba និយាយអ្វីខ្លះ ក្រោយទទួលជ័យជម្នះយ៉ាងភ្ញាក់ផ្អើលទៅលើអតីតក្រុមរបស់ខ្លួន ?

កីឡាករ Paul Pogba បានពន្យល់ពីការអបអរគ្រាប់បាល់ក្រោយពីការទទួលជ័យជម្នះរបស់ក្រុម Manchester United ទៅអតីតក្លឹបចាស់ Juventus របស់គេ ហើយខ្សែបម្រើរូបនេះបានបញ្ជាក់ថាគេមានអារម្មណ៍ចម្លែក ។

គួរបញ្ជាក់ថាក្រុមរបស់លោក Jose Mourinho បានរងបរាជ័យម្តងហើយជាមួយលទ្ធផល 1-0 នៅលើទឹកដី Old Trafford កាលពីពីរសប្តាហ៍មុន ខណ:នៅក្នុងការប្រគួតជើងទីពីរនៅឯទឹកដីអីុតាលី កីឡាករ Cristiano Ronaldo បានជួយឲ្យក្រុម Juve មានគ្រាប់បាល់នាំមុខនៅនាទីទី 65 ប៉ុន្តែកីឡាករ Juan Mata អាចរកគ្រាប់បាល់តាមស្មើវិញពីការទាត់បាល់ពិន័យហ្រ្វីឃីគ ។

ជាក់ស្តែងនៅជិតបញ្ចប់ការប្រកួតទៅហើយ កីឡាករ Alex Sandro បានធ្វើឲ្យមានកំហុសដោយបណ្តោយឲ្យមានគ្រាប់បាល់ចូលទីខ្លួនឯង ដែលជាហេតុធ្វើឲ្យក្រុម United ទទួលបានជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ការប្រកួតនេះ ។

យ៉ាងណាមិញក្រោយចប់ការប្រកួត Pogba បាននិយាយប្រាប់ទៅកាន់ BT Sport ថា ៖ « ខ្ញុំបានអបអរគ្រាប់បាល់នោះ ប៉ុន្តែវាមានអារម្មណ៍ថាចម្លែកណាស់ ។ ព្រោះខ្ញុំគិតថាវាអាចប៉ះពាល់ដល់មនុស្សជាច្រើន ” ។

គេបន្តទៀតថា ៖ “អស្ចារ្យណាស់! ដែលយើងបានឈ្នះ ។ ខ្ញុំបានឃើញក្រុមអ្នកគាំទ្រក្រុម [Juve] ពួកគេពិតជាស្វាគមន៍ខ្ញុំណាស់ ។ យើងបានលេងជាមួយក្រុមដ៏ល្អមួយ ជាមួយកីឡាករល្អៗ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺបីពិន្ទុ ” ៕

ប្រភព: Sportskeeda

 

 

 

មតិយោបល់