Ramos ចេញសារបកស្រាយ ក្រោយធ្វើអោយគូប្រកួតបែកឈាមច្រមុះ

ខ្សែប្រយុទ្ធ Milan Havel បានបង្ខំចិត្តចាកចេញពីទីលាន នៅក្នុងតង់ទី១ សំរាប់ការប្រកួតចែកពូល Champions League បន្ទាប់ពីត្រូវមួយកែងរបស់ខ្សែការពារ Sergio Ramos ហើយឈាមច្រមុះសស្រាក់ ប៉ុន្ដែប្រធានក្រុមអេស្ប៉ាញ បានផ្ញើសារជូនពរអោយរូបគេឆាប់ជាសះស្បើយឡើងវិញ។

Ramos បានព្យាយាមដណ្ដើមបាល់ ជាមួយនឹង ខ្សែប្រយុទ្ធក្រុម Viktoria Plzen ហើយបានជ្រុលហុចកែងចំកណ្ដាលមុខ កីឡាកររូបនេះ ប៉ុន្ដែមិនត្រូវបានអាជ្ញាកណ្ដាលពិន័យនោះទេ។

ប៉ុន្ដែក្រោយការប្រកួតចប់ Ramos បានសរសេរសារមួយផ្ញើទៅ Havel នៅក្នុងគណនី Twitter របស់ខ្លួនថា៖ “ខ្ញុំបាននិយាយជាមួយគេ ហើយបានផ្ញើសារទៅគេ។ ខ្ញុំសង្ឃឹមថា គេនឹងឆាប់បានធូរស្បើយឡើងវិញ។ វាមានការប៉ះទង្គិច តែមិនមែនជាចេតនា ដើម្បីអោយមានរបួសនោះទេ។ ច្រមុះជាកន្លែងដែលឆាប់រងរបួសខ្លាំងណាស់ ហើយខ្ញុំសង្ឃឹមថាគេនឹងឆាប់បានជាសះស្បើយឡើងវិញ។”

ហើយក្រោយមក ខ្សែការពារកណ្ដាលរូបនេះ ក៏​បានសរសេរសារមួយបន្ថែមទៀតដែលមានសេចក្ដីថា៖ “ខ្ញុំមិនគួរធ្វើអោយមានការប៉ះទង្គិចបែបនេះនោះទេ។ Milan, ខ្ញុំមិនមានបំណងអោយអ្នកមានរបួសឡើយ។”

ប្រភព៖ AS

មតិយោបល់