Ramos ទម្លាយឈ្មោះកីឡាករ ៣ រូប ដែលខ្លួនព្យាយាមរៀនសូត្រតាមរាល់ថ្ងៃ ក្រោយចូលរួមជាមួយក្រុម R.Madrid

Sergio Ramos បានបង្ហើបឱ្យដឹងថាវីរបុរសរបស់ក្រុម Real Madrid គឺលោក Raul និង Iker Casillas ស្ថិតក្នុងចំណោមកីឡាករទាំង ៣ រូប ដែលបានដើរតួយ៉ាងសំខាន់ក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏ជោគជ័យរបស់គេ នៅក្នុងក្រុម Los Blancos ។

Sergio Ramos   
Iker Casillas

ជាក់ស្តែងខ្សែការពារសញ្ជាតិអេស្ប៉ាញវ័យ ៣៤ ឆ្នាំរូបនេះ បានមកដល់ទឹកដី Santiago Bernabeu ក្នុងឆ្នាំ ២០០៥ បន្ទាប់ពីចាកចេញពីក្រុម Sevilla ក្នុងតម្លៃខ្លួនប្រមាណ ១៨,៥ លានផោន ។

ហើយយ៉ាងណាមិញ Ramos ដែលបច្ចុប្បន្នជាប្រធានក្រុម Madrid បានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុត ក្នុងនាមជាអ្នកការពារដ៏ឆ្នើមម្នាក់នៅក្នុងពិភពបាល់ទាត់ ហើយថែមទាំងបានបង្កើតឈ្មោះនៅក្នុងប្រវត្តិសាស្ត្រមិនគួរឱ្យជឿ នៅក្លឹប Real Madrid រួចរាល់ហើយផងដែរ ។

Sergio Ramos

មិនតែប៉ុណ្ណោះ ដោយតែងតែចំណាយពេលនៅជិតជើងចាស់លោក Casillas និង Raul ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ក៏បានសារភាពថាលោក Fabio Cannavaro គឺជាកីឡាករទីបី ដែលខ្លួនបានព្យាយាមរៀនសូត្រតាមជារៀងរាល់ថ្ងៃ ។

Fabio Cannavaro

លើសពីនេះ Ramos បានប្រាប់កាសែតអេស្ប៉ាញ Marca ថា ៖ “ នៅពេលខ្ញុំមកដល់ Real Madrid ខ្ញុំត្រូវរៀនពីអតីតតារាឆ្នើមដូចជា Raul និង Iker ហើយបើទោះបីជាពួកគាត់បានចាកចេញពីក្លឹបហើយក៏ដោយ ” ។

Raul

គេបន្តទៀតថា ៖ ” Cannavaro… គឺជាមនុស្សម្នាក់ផ្សេងទៀត ដែលខ្ញុំបានរៀនសូត្រតាមជារៀងរាល់ថ្ងៃ ។ ខ្ញុំនឹងព្យាយាមធ្វើឱ្យមានការសម្របខ្លួនឱ្យបានល្អ តាមដែលអ្វីអាចធ្វើទៅបាន” ។

រំលឹកថា Ramos ដែលមានកិច្ចសន្យាបច្ចុប្បន្នជាមួយក្រុម Madrid រហូតដល់រដូវក្តៅក្រោយ បានបង្ហាញខ្លួនចំនួន ៦៥០ ដង ក្នុងអំឡុងពេល ១៥ ឆ្នាំដ៏គួរឲ្យកត់សំគាល់របស់គេជាមួយក្លឹបយក្សអេស្ប៉ាញមួយនេះ ៕

ប្រភព: Sportbible