Real Madrid កំណត់តំលៃ James រួចជាស្រេច បើសិន Bayern Munich មិនចុះកុងត្រាទិញផ្ដាច់

ខ្សែបម្រើ James Rodriguez បាននិយាយជារឿយៗថា នៅពេលដែលរូបគេបញ្ចប់កុងត្រាខ្ចីជើង២រដូវកាលពីក្លឹបអាល្លឺម៉ង់ Bayern Munich គេអាចនឹងត្រលប់ទៅកាន់ទឹកដី Santiago Bernabeu វិញ ប៉ុន្ដែការប្រកាសតែងតាំងគ្រូបង្វឹក Zinedine Zidane សារជាថ្មី បានធ្វើអោយភាគរយនៃការវិលត្រលប់មកវិញរបស់កីឡាករសញ្ជាតិកូឡុំប៊ីរូបនេះធ្លាក់ចុះ។

អនាគតរបស់ កីឡាករវ័យ ២៧ឆ្នាំ អាស្រ័យលើក្លឹបយក្សអាល្លឺម៉ង់ ថាតើព្រមទិញយករូបគេផ្ដាច់នៅតំលៃ ៤២លានអឺរ៉ូ ឬ បញ្ចប់ដោយអោយម្ចាស់ពានស្បែកជើងមាស World Cup 2014 ត្រលប់ទៅអេស្ប៉ាញវិញ។

បើតាមប្រភពពីកាសែតអេស្ប៉ាញ El Confidencial បានអោយដឹងថា ក្នុងករណីដែល Bayern មិនចុះកុងត្រានាំយក James ទៅចូលរួមជាផ្លូវការទេនោះ Real Madrid នឹងស្វែងរកក្លឹបដទៃ ដែលចង់បានអតីតខ្សែបម្រើក្លឹប Monaco រូបនេះ ក្នុងតំលៃ៦០លានអឺរ៉ូ ហើយបើមានការតថ្លៃក្លឹបក៏មិនចុះអោយក្រោម ៥០លានអឺរ៉ូដែរ។

ទោះយ៉ាងណាក្ដិ ក្លឹប Bayern Munich នៅសល់ពេលពិចារណារហូតដល់ថ្ងៃទី១៥ ខែមិថុនា ទៅលើអនាគតរបស់ James ខណៈដែលអ្នកចាត់ការទូទៅរបស់ក្លឹបលោក Karl-Heinz Rummenigge បានបញ្ជាក់ថា ក្លឹបក៏មានបំណងចង់អោយ ខ្សែបម្រើកូឡុំប៊ីលេងនៅទីនោះបន្ដនៅរដូវកាលក្រោយៗទៀត៕

ប្រភព៖ AS