Real Madrid ប្រឈមនឹងបញ្ហារុំជំពាក់មុខ ជុំវិញអនាគតរបស់ Gareth Bale

Real Madrid មានបំណងចង់អោយ កីឡាករជាច្រើនរូបចាកចេញពីទឹកដី Santiago Bernabeu ដែលក្នុងចំណោមនោះក៏មាន ខ្សែប្រយុទ្ធ Gareth Bale មួយរូបផងដែរ ប៉ុន្ដែក្លឹបត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញពិបាកនឹងដោះស្រាយ។

សំរាប់អ្នកចាត់ការក្លឹបលោក Zinedine Zidane ពិតជាចង់អោយ ខ្សែប្រយុទ្ធសញ្ជាតិវេលស៍ ចាកចេញពីក្លឹបកាន់តែលឿនតាមលទ្ធភាពដែលអាចធ្វើទៅបាន មុនពេលការប្រកួតមុនបើករដូវកាល នៅទឹកដីអាមេរិក ប៉ុន្ដែក្លឹបមិនទាន់ទទួលបានសំនើរនៅឡើយទេ សំរាប់កីឡាករដែលមានថ្លៃពលកម្មច្រើនជាងគេរូបនេះ។

ហើយក្លឹបរំពឹងថា ក្លឹបនៅអង់គ្លេស នឹងធ្វើការដាក់សំនើរ យកកីឡាករវ័យ២៩ឆ្នាំរូបនេះ ខណៈដែលក្លឹបពីត្រូវបានរំពឹងទុកនោះគឺ Manchester United និង Tottenham Hotspur។

ប៉ុន្ដែ វាជាការលំបាក សំរាប់ក្លឹបទាំងពីរនេះ ដោយសារតែប្រាក់ពលកម្មរបស់ Bale មានតំលៃដល់ ១៧លានអឺរ៉ូ ក្នុងមួយឆ្នាំ ជាហេតុផលដែលពួកគេមានការរារែកចិត្ត។

បើតាមការរាយការណ៍ពី អង់គ្លេសនៅថ្ងៃអង្គារនេះបានបង្ហាញថា Spurs  ដែលជាអតីតក្លឹបរបស់ Bale មានបំណងចង់ខ្ចីជើងរូបគេ ដូច្នេះមានន័យថា ការចំណាយថ្លៃពលកម្មសំរាប់ខ្សែប្រយុទ្ធរូបនេះ ក៏ត្រូវមានចំនែករបស់ Real Madrid ផងដែរ។

ក្លឹបអធិរាជសបានប្រាប់អោយរូបគេចាកចេញ ប៉ុន្ដែភាគីខាងកីឡាករផ្ទាល់បានប្រាប់ថា រូបគេរីករាយ នឹងនៅបន្ដរួមរស់នៅ Bernabeu រហូតដល់ចប់កុងត្រា ទោះបីជាមិនមានសូម្បីឈ្មោះក្នុងបញ្ជីកីឡាករ សំរាប់ការប្រកួតក៏ដោយ៕

ប្រភព៖ Marca