Ronaldo ខ្សឹប​ប្រាប់​ថ្នាក់​លើ ថា​ខ្លួន​អត់​ពេញ​ចិត្ត​ Allegri លើ​ចំណុច​សំខាន់​មួយ

រដូវ​កាល ២០១៨/១៩ សម្រាប់​ក្លឹប Juventus បាន​កៀក​ជិត​នឹង​ឈាន​ដល់​ទី​បញ្ចប់ ស្រប​ពេល​ក្លឹប​បាន​ឈ្នះ​ពាន​រង្វាន់ Serie A និង Coppa Italia ខណៈ​នៅ Champions League មិន​ទាន់​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជា​ទី​គាប់​ចិត្ត​នៅ​ឡើយ។

នា​រដូវ​កាល​បន្ទាប់​តាម​ការ​ឲ្យ​ដឹង​ក្លឹប​អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ស្ថានភាព​មួយ​ចំនួន ឆ្លើយតប​ទៅ​នឹង​ចំណុច​ខ្វះខាត​ដែល​កំពុង​ជួប​នា​ពេល​បច្ចុប្បន្ន​នេះ។

យោង​តាម​សារព័ត៌មាន​ពី Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា​កីឡាករ​ឆ្នើម Cristiano Ronaldo បាន​បង្ហើប​ប្រាប់​ដល់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ក្លឹប Juventus ថា​លោក​ពុំ​មាន​ការ​ស្អប់​ឬ​មិន​ពេញ​ចិត្ត​អ្នកចាត់ការ​លោក Massimiliano Allegri នោះ​ទេ គ្រាន់​ថា​លោក​ចង់​ស្នើ​ឲ្យ​មាន​ការ​កែតម្រូវ​ឬ​ពង្រឹង​នៅ​ប្រអប់​គ្រោះថ្នាក់​ឲ្យ​ប្រសើរ​ជាង​នេះ ពោល​គឺ​គុណភាព​នៃ​ការ​រក​ចែក​និង​រក​គ្រាប់​បាល់​របស់​ក្លឹប​ហាក់​មិន​ទាន់​មាន​គុណភាព​ល្អ​គ្រប់គ្រាន់​នោះ​ឡើយ។

រំឭក​ថា​សូម្បី​តែ​អតីត​ជើង​ចាស់​នៅ​សេះ​បង្កង់​លោក Andrea Pirlo ក៏​ធ្លាប់​និយាយ​ស្រដៀង​គ្នា​ថា​ក្លឹប​ចាំ​បាច់​ត្រូវ​ទិញ Isco មក​ជួយ​ជ្រោមជ្រែង​ក្រុម​និង​ចែកបាល់​ល្អៗ​ឲ្យ​ដល់​ជើង​របស់ Cristiano Ronaldo នោះ​ទើប​មាន​សង្ឃឹម​តតាំង​នៅ Champions League បាន​ដោយ​ជោគជ័យ។

ប្រភព: Calciomercato