“Ronaldo និងខ្សែប្រយុទ្ធរូបនេះ ពិបាកនឹងតតាំងបំផុតលើទីលាន” – ខ្សែបម្រើ Parma

កីឡាករវ័យក្មេង Dejan Kulusevski ដែលនឹងត្រូវត្រឡប់មកក្លឹបចាស់ Juventus នារដូវកាលក្រោយវិញ បានផ្ដល់កិច្ចសម្ភាសន៍ទៅកាន់ Gli Autogol តាមរយៈបណ្ដាញសង្គម Instagram ទាក់ទងទៅនឹងអាជីពវិស័យបាល់ទាត់របស់គេកាលពីពេលកន្លងទៅ។ គេក៏បានប្រាប់ពីគូប្រជែងដែលពិបាកបំផុតដែលធ្លាប់ប៉ះគ្នាលើទីលានប្រកួតផងដែរ។

Dejan Kulusevski 

“គ្រាប់បាល់ដំបូងបំផុតដែលខ្ញុំរកបាននៅក្របខណ្ឌ Serie A បានផ្លាស់ប្ដូរគ្រប់យ៉ាង។​ វាមិនមែនជាការបំប៉ោងសំណាញ់ទីដ៏ល្អមួយឡើយ តែវាពិតជាសំខាន់ណាស់សម្រាប់ក្រុម ដែលកាលនោះពួកយើងប៉ះជាមួយនឹង Torino”។ នេះបើតាមសម្ដីដែលគេបានប្រាប់នៅក្នុងកិច្ចសម្ភាសន៍។

Josip Ilicic
CR7

ខ្សែប្រយុទ្ធស្លាបស្ដាំវ័យ ១៩ ឆ្នាំបានបន្តថា៖ “ Josip Ilicic គឺពិតជាខ្លាំងណាស់។ វាមិនមែនជារឿងដែលត្រូវផ្ញាក់ផ្អើលទេដែលគាត់ជាកីឡាករល្អដាច់គេមួយរូបក្នុងលោក។ ខ្ញុំរៀនបានច្រើនណាស់ពីគាត់។​ ចំណែកឯគូប្រជែងដែលលំបាកបំផុតនោះគឺ Ronaldo និង Douglas Costa។ កាលពីប្រកួតប៉ះជាមួយនឹង Juve កន្លងទៅ CR7 ល្អខ្លាំងមែនទែន ខណៈដែល Costa យើងព្យាយាមបិទមិនឲ្យមានឱកាសដណ្ដើមបានបាល់ ព្រោះពេលដែលគាត់បានបាល់គឺគាត់លឿនណាស់”។

Douglas Costa

គួររំឭកដែរថា Kulusevski ត្រូវបានក្លឹបសេះបង្កង់ Juventus ទិញយកពីក្លឹប Atalanta ក្នុងតម្លៃខ្លួនប្រមាណ ៣៥ លានអឺរ៉ូកាលពីខែមករា ឆ្នាំនេះ តែមិនបានលេងជាមួយនឹង Juve ឡើយពោលគឺត្រូវបានដាក់ឲ្យលេងខ្ចីជើងនៅឯក្លឹប Parma ដែលកុងត្រាខ្ចីជើងនឹងត្រូវផុតនៅរដូវកាលនេះ៕

ប្រភព: AF