Ronaldo ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ​ក្រោយ​ឃើញ​វីដេអូ​ចាស់មួយ​កាល​ពី​ជាង ១០ ឆ្នាំ​មុន

នៅ​កិច្ច​សម្ភាសន៍​ជាមួយ​លោក Piers Morgan ​ដែល​នឹង​ចាក់​ផ្សាយ​លើ​ប៉ុស្តិ៍​ទូរទស្សន៍​អង់គ្លេស​នៅ​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ Cristiano Ronaldo ​ត្រូវ​ដឹង​ថា​បាន​សម្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ក្រោយ​ពី​មាន​ការ​បង្ហាញ​នូវ​វីដេអូ​មួយ​របស់​ឪពុក​ខ្លួន​កាល​ពី​អំឡុង​ឆ្នាំ ២០០៤។

ក្នុង​វីដេអូ​នោះ​គឺ​បង្ហាញ​ពី​កិច្ចសម្ភាសន៍​មួយ​ដែល​កើត​ឡើង​រវាង​ឪពុក​និង​អ្នក​សារព័ត៌មាន​នៅ​អំឡុង​ពេល Ronaldo លេង​ឲ្យ​ក្លឹប Man Utd ​គ្រា​នោះ​ឪពុក​ហាក់​មាន​មោទនភាព​ជាមួយ​កូន​របស់​ខ្លួន​ជ​ខ្លាំង។ បែណាមិញ​មក​ទល់​សព្វថ្ងៃ​លោក​លែង​មាន​វត្តមាន​នៅ​ក្នុង​លោក​នេះ​ទៀត​ហើយ ក៏​ដោយ​សារ​កាល​នៅ​រស់​ Aveiro ជា​មនុស្ស​ញៀន​នឹង​ស្រា​ខ្លាំង​ពេក។

ពេល​បាន​ឃើញ​វីដេអូ​ចាស់​នោះ Ronaldo ​ចាប់​ស្រក់​ទឹក​ភ្នែក​ភ្លាមៗ ហើយ​និយាយ​ថា៖ “ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​វីដេអូ​នេះ​ទេ វា​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​គិត​ថា​បទសម្ភាសន៍​ស្តាប់​ទៅ​វា​អស់​សំណើច ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ដោយ​គ្មាន​គិត​ទុក​ជា​មុន”។

CR7 សង្កត់​ធ្ងន់​ថា៖ “ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មិន​ស្គាល់​ច្បាស់​ពី​ឪពុក​របស់​ខ្ញុំ ១០០ ភាគរយ​នោះ​ទេ ព្រោះ​គាត់​ធ្លាប់​តែ​ជា​មនុស្ស​ប្រមឹក ហើយ​ខ្ញុំ​មិន​ដែល​និយាយ​ជាមួយ​គាត់​ដូច​ការ​សន្ទនា​ទូទៅ​ឡើយ ពោល​គឺ​វា​លំបាក​បំផុត”៕ ប្រភព៖ Mirror