Ronaldo ​ណែនាំ​ឲ្យ Juventus ទិញ​ចូល​កីឡាករ​រូប​នេះ ប្រសិន Dybala ពិត​ជា​ត្រូវ​ដើរ​ចេញ

យោង​តាម​សារព័ត៌មាន Don Balon បាន​ចុះ​ផ្សាយ​ថា​ក្លឹប Juventus ​បាន​តម្រង់​រ៉ាដា​ចាំ​ឆ្មក់​ហើយ​ស្រេច​រវាង​កីឡាករ Marco Asensio ឬ Mohamed Salah ប្រសិន​ណា​ក្លឹប​របស់​ខ្លួន​ត្រូវ​របូត​ខ្សែ​ប្រយុទ្ធ​សំខាន់ Paulo Dybala ឲ្យ​ទៅ​ក្លឹប​ណា​មួយ។

កន្លង​ទៅ​បុរស​សញ្ជាតិ​អាហ្សង់ទីន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ចចាមអារ៉ាម​ថា​គ្រោង​ផ្លាស់​ទៅ​ក្លឹប Inter Milan ដែល​ជា​ទ្រនំ​អ្នក​ជិត​ខាង​នៅ​ទឹក​ដី​អ៊ីតាលី​ស្រាប់ ព្រោះ​តំណែង​របស់​ខ្លួន​ហាក់​បាត់បង់​តម្លៃ បន្ទាប់​ពី​ការ​មក​ដល់​របស់ Cristiano Ronaldo។

ប្រភព​សង្កត់​ធ្ងន់​ថា​តាម​ការ​ណែនាំ​របស់​កីឡាករ​ឆ្នើម​ព័រទុយហ្គាល់​គឺ​ចង់​បាន Asensio ដែល​ធ្លាប់​ជា​មិត្ត​រួម​ទ្រនំ​នៅ​អតីត​ក្លឹប Real Madrid ប៉ុន្តែ​តារា​ឆ្នើម Mo Salah ក៏​ឈរ​លើ​រ៉ាដា​របស់​សេះ​បង្កង់​ដូច​គ្នា។

រំឭក​ថា​ខ្សែ​ប្រយុទ្ធ Dybala នា​រដូវ​កាល​នេះ​បង្ហាញ​ខ្លួន​បាន ២០ ប្រកួត​ហើយ​នៅ Serie A ប៉ុន្តែ​ទើប​រក​បាន ២ គ្រាប់​គត់​និង Assist ៤ លើក​ខុស​ពី​ស្ថិតិ​រដូវ​កាល​ចាស់​គឺ​កីឡាករ​វ័យ ២៥ ឆ្នាំ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​ឲ្យ Juve ដោយ​បញ្ចប់​រដូវ​កាល​ ២០១៧/១៨ ខ្លួន​រក​បាន​ដល់​ទៅ ២២ គ្រាប់។

 

យ៉ាងណាមិញយើងមិនអាចសន្មត់ច្បាស់នោះទេចំពោះចចាមអារ៉មនេះ ដោយវាត្រឹមតែជាជ្រុងមួយនៃប្រភពសារព័ត៌មានរបស់អេស្ប៉ាញ ខណៈដែលសម្ព័ន្ធភាពនាពេលបច្ចុប្បន្នរវាង Cristiano និង Dybala ហាក់មិនមានភាពរកាំរកូសអ្វីឡើយ ហើយកាលពីយប់មិញកីឡាករពាក់អាវលេខ ៧ ក៏ចេញស្ទាយអបអរត្រាប់តាមមិត្តរួមក្រុមម្នាក់នេះថែមទៀតផង។

ប្រភព: Goal