Rooney សរសើរគ្រូបង្វឹកមួយរូប ថាមានបច្ចេកទេសដឹកនាំក្រុម ល្អបំផុត

ខ្សែប្រយុទ្ធ Wayne Rooney របស់ក្រុម D.C. United បាននិយាយថា លោក Luis van Gaal ជាគ្រូបង្វឹកដែលដឹកនាំពោរពេញដោយបច្ចេកទេស ទោះបីជារូបគេធ្លាប់លេងក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ជាច្រើនឆ្នាំហើយក៏ដោយ ហើយរូបគេក៏មានការភ្ញាក់ផ្អើលផងដែរ នៅពេលដែលក្លឹបបានតែងតាំង David Moyes ជាគ្រូបង្វឹក។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយថា៖ “ខ្ញុំគិតថា លោក Moyes ជាជម្រើសគ្រូបង្វឹក[ក្នុងការមកដឹកនាំ Manchester United] ដែលធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើល ប៉ុន្ដែគាត់មានកំណត់ត្រាល្អ កាលដឹកនាំក្រុម Everton ក្នុងរយៈពេលជាង១០ឆ្នាំ។

“គាត់បានដឹកនាំក្រុមទៅលេងនៅ Champions League ហើយបញ្ចប់រដូវកាលនៅលើពាក់កណ្ដាលតារាង ជារៀងរាល់ឆ្នាំ គាត់បានធ្វើការងារល្អ។ ខ្ញុំដឹងពីអ្វីដែល Manchester United ព្យាយាមចង់បាន គឺស្វែងរកគ្រូបង្វឹកណាដែលអាចដឹកនាំក្រុមរយៈពេលវែង។”

ហើយអតីតកីឡាករក្រុម Everton & Man United រូបនេះ ក៏បានរំលឹក និង កោតសរសើរ គ្រូបង្វឹក Van Gaal ដែលទើបប្រកាសចូលនិវត្តពីការដឹកនាំក្រុមបាល់ទាត់ ថាគ្មានគ្រូបង្វឹកណា មានបច្ចេកទេសខ្ពស់ ក្នុងការដឹកនាំក្រុមល្អ ដូចគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះឡើយ៕

ប្រភព៖ talkSPORT

មតិយោបល់