Ryan Giggs ប្រដូចកីឡាករ Man United មួយរូបទៅនឹង Cristiano Ronaldo កាលពីក្មេង

វីរបុរសក្រុម Manchester United លោក Ryan Giggs មានជំនឿចិត្តថា ខ្សែបម្រើឆ្នើម Daniel James គឺដូចទៅនឹង Cristiano Ronaldo កាលនៅពីក្មេង។

កីឡាករសញ្ជាតិវេលស៍រូបនេះ ត្រូវបានគូប្រកួតសាងកំហុសទៅលើ ច្រើនជាងគេបំផុតនៅ Premier League ដោយសារតែល្បឿន និង សមត្ថភាពញាក់បាល់របស់គេ។

អតីតកីឡាករក្រុម Swansea រូបនេះ បានសាងភាពលេចធ្លោសំរាប់ក្រុមបិសាចក្រហម ដែលបានចាប់ផ្ដើមរដូវកាលទាំងត្រដាបត្រដួស ដោយរូបគេរកគ្រាប់បាល់បាន ៣គ្រាប់ នៅក្នុងចំណោម ១១ប្រកួតចុងក្រោយ ហើយគ្រូបង្វឹកក្រុមជម្រើសជាតិរបស់គេ បានធ្វើការប្រៀបធៀប ជាមួយនឹង Ronaldo នៅពេលដែលគេទើបមកដល់ទឹកដី Old Trafford ជាលើកដំបូង។

លោក Giggs បាននិយាយថា៖ “Dan ត្រូវបានធ្វើឲ្យដួលជាច្រើនលើក ប៉ុន្ដែគេងើបឡើងមកវិញ ហើយដណ្ដើមយកបាល់ត្រលប់មកវិញ។ Ronaldo ជាពិសេសកាលដើមអាជីពរបស់គេ ត្រូវបានធ្វើឲ្យដួលជាច្រើនលើកផងដែរ ហើយនៅតែចង់បានបាល់មកគ្រប់គ្រងវិញ។ វាបានបង្ហាញពី សេចក្ដីក្លាហាន។

“វាជាការប្រកួតដែលប្រើកំលាំង។ អ្នកត្រូវតែក្រោកឈរដោយខ្លួនឯង។ អ្នកក៏ត្រូវតែមានទំនុកចិត្តលើអាជ្ញាកណ្ដាលផងដែរ ដែលគាត់បានការពារកីឡាករ។”

គួរបញ្ជាក់ថា James បានចូលលេងពេញមួយប្រកួតសំរាប់ Man United ក្នុងជំនួបជ័យជំនះទៅលើក្រុម Brighton ដែលបញ្ចប់ក្នុងលទ្ធផល ៣-១ នៅទឹកដី Old Trafford កាលពីយប់ម៉ិញនេះ។

ក្រុមម្ចាស់ផ្ទះមានឱកាសក្នុងការស៊ុតសរុបបាន ២១លើក ខណៈក្រុមភ្ញៀវ Brighton ធ្វើបានតែ៦លើកប៉ុណ្ណោះ ហើយ Andreas Pereira បានរកគ្រាប់បាល់នាំមុខសំរាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Ole Gunnar Solskjaer មុនពេលដែល Scott McTominay បានរួមចំណែកធ្វើឲ្យមានបាល់ own goal របស់ ខ្សែបម្រើ Davy Propper។

ខ្សែការពារ Lewis Dunk បានរកគ្រាប់បាល់វាយបកសំរាប់ក្រុម Brighton នៅនាទីទី៦៤ ប៉ុន្ដែ Marcus Rashford រកបានមួយគ្រាប់បន្ថែមទៀតសំរាប់ Man United បន្ដគំលាតពីរគ្រាប់ រហូតដល់ចប់ការប្រកួត។

សំរាប់លទ្ធផលនេះបានជម្រុញឲ្យ Man United ហក់មកកាន់លេខ៧ ក្នុងតារាង Premier League ដោយមានគំលាត៩ពិន្ទុ ពីក្រុមកំពូលទាំង៤ ខណៈដែល Brigton មាន១៥ពិន្ទុ ឈរនៅលេខ១១៕

អានអត្ថបទបន្ទាប់៖ [វីដេអូ] កីឡាករឆ្នើមជប៉ុន Kubo រកគ្រាប់បាល់ដំបូងរបស់ខ្លួន នៅក្នុងលីគកំពូលអេស្ប៉ាញ

Takefusa Kubo រកគ្រាប់បាល់ដំបូងរបស់ខ្លួននៅ La Liga កំឡុងការប្រកួតសំរាប់ក្រុម Real Mallorca ដោយលទ្ធផល ៣-១ យកឈ្នះទៅលើក្រុម Villarreal នៅទឹកដី Son Moix។

កីឡាករវ័យ១៨ឆ្នាំ ដែលត្រូវបានក្លឹប Real Madrid ដាក់ឲ្យ Mallorca ខ្ចីជើង បានរកគ្រាប់បាល់ទី១របស់ខ្លួន ដែលជួយធានាជ័យជំនះសំរាប់ ការប្រកួតនៅក្នុងតង់ទី២។

វាជារឿងលំបាក សំរាប់កីឡាករជប៉ុនរូបនេះ ក្នុងការសម្របខ្លួននៅក្នុងក្រុម Mallorca ប៉ុន្ដែ រូបគេទទួលបានឱកាសក្នុងការបង្ហាញខ្លួនសំរាប់ជម្រើសដំបូង ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

តោះ មកទស្សនាគ្រាប់បាល់ដំបូងរបស់ Kubo សំរាប់ក្រុម Mallorca៖