Santi Cazorla សោកស្ដាយដែលមិនបានធ្វើរឿងមួយ នៅពេលចាកចេញពី Arsenal

អតីតខ្សែបម្រើរបស់ក្លឹប Arsenal កីឡាករ Santi Cazorla បានទំលាយអារម្មណ៍សោកស្ដាយដ៏ធំមួយរបស់ខ្លួន ដោយរូបគេចាកចេញដោយមិនបាននិយាយថាលាមួយម៉ាត់ទៅកាន់អ្នកគាំទ្រក្រុមកាំភ្លើងធំ។

ខ្សែបម្រើវ័យ៣៣ឆ្នាំ បានចូលរួមជាមួយនឹងក្លឹបអេស្ប៉ាញ Villarreal កាលពីរដូវក្ដៅនេះ ហើយរូបគេបានបង្ហាញវត្តមានជាថ្មីលើទីលានប្រកួត បន្ទាប់ពីអវត្តមានប្រហែលពីរឆ្នាំ ដោយសារតែបញ្ហារបួសញាំញីគ្មានស្រាកស្រាន្ដ។ កីឡាករអេស្ប៉ាញរូបនេះ បានបង្ខំចិត្តធ្វើការវះកាត់ជាច្រើនលើកច្រើនសារ ដើម្បីអាចមានឱកាសចូលរួមលេងអោយក្រុមរបស់ខ្លួនឡើងវិញ។

សំរាប់ពេលបច្ចុប្បន្ន Cazorla អាចចូលលេងបានវិញហើយ ដោយរូបគេបានបង្ហាញខ្លួនទាំងបីប្រកួតដំបូងនៅក្នុងលីគអេស្ប៉ាញអោយក្រុម Villarreal ប៉ុន្ដែរូបគេបានសារភាពថា ខ្លួនមានអារម្មណ៍សោកស្ដាយ ដែលចាកចេញពីទឹកដី Emirates ដោយមិនបាននិយាយពាក្យថាលាទៅកាន់អ្នកគាំទ្រ។

ខ្សែបម្រើវ័យ៣៣ឆ្នាំ បាននិយាយថា៖ “ចាកចេញពីទឹកដី Emirates ដោយមិនបាននិយាយពាក្យថាលាមួយម៉ាត់ទៅកាន់អ្នកគាំទ្រ ជារឿងដែលគួរអោយឈឺចាប់មួយ។ ប្រសិនបើខ្ញុំត្រូវចាកចេញ ខ្ញុំចង់និយាយពាក្យថាលានៅមុខអ្នកគាំទ្រ។”

ប្រភព៖ Goal