គ្រូជប៉ុននិយាយអ្វីខ្លះ មុនជួបកម្ពុជានៅព្រឹកស្អែក ក្នុងវគ្គជម្រុះ AFC U23 Asian Cup?

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រុមអាយុ២៣ឆ្នាំ នឹងបន្ដយុទ្ធនាការនៃការប្រកួតជម្រុះ AFC U23 Asian Cup នៅថ្ងៃអង្គារនេះ ជាមួយក្រុមជប៉ុន ក្រោយទទួលបានជ័យជម្នះក្នុងការប្រកួតបើកឆាកទល់នឹងហុងកុង។

ក្រុមគោព្រៃជំទង់របស់កម្ពុជា ធ្វើបានយ៉ាងល្អក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ដោយមានឱកាសនាំមុខហុងកុង៤គ្រាប់មុន ដែលពីរគ្រាប់ដំបូងរកបានដោយខ្សែប្រយុទ្ធ សៀង ចន្ធា ខណៈ ស៊ិន កក្កដា និង មិនរតនៈរកបានគ្រាប់ទី៣ និងទី៤ មុនពេលរបូតពីរគ្រាប់វិញនៅកៀកចុងតង់ទី២។

មុនការប្រកួតនាថ្ងៃស្អែកឈានចូលមកដល់ លោក Togashi Koichi គ្រូបង្គោលនៃក្រុម U22 ជប៉ុនបាននិយាយលើកសរសើរក្រុមកម្ពុជា ដែលជួបតតាំងជាមួយក្រុមរបស់លោក នាថ្ងៃអង្គារ ទី២៦ ខែតុលានេះ វេលាម៉ោង១១៖០០នាទីព្រឹក(នៅកម្ពុជា)។

លោក Koichi បាននិយាថា៖ “កម្ពុជាមានកីឡាករដែលមានបច្ចេកទេសល្អច្រើន។ ខ្ញុំគិតថាកម្ពុជាជាក្រុមល្អមួយ តាមការយល់ឃើញរបស់ខ្ញុំ។ យ៉ាងណាមិញ ក្រុមយើងនឹងលេងតាមលក្ខណៈពិសេសរបស់យើង ដែលយើងអាចប្រយុទ្ធជាក្រុមតែមួយ ក្នុងការលេងវាយសម្រុក និងលេងការពារ”។

“យើងនឹងលេងជាមួយភាពរីករាយ សម្រាប់ការប្រកួតកម្រិតអន្ដរជាតិនេះ ទោះបីជាការប្រកួតនេះត្រូវលេងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ១៩ក៏ដោយ”៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អានអត្ថបទបន្ទាប់៖ កាសែតអេស្ប៉ាញ៖ គ្រូបង្វឹកទំនេរម្នាក់ មិនចាប់អារម្មណ៍មកដឹកនាំ Man Utd ជំនួស Solskjaer ទេ

យោងតាមការរាយការណ៍ចុងក្រោយបានឱ្យដឹងថា លោក Zinedine Zidane មិនចាប់អារម្មណ៍ក្នុងតំណែងជាអ្នកចាត់ការ Manchester United នោះទេ។

ក្រុមបិសាចក្រហម កំពុងប្រឈមនឹងស្ថានភាពដ៏លំបាកនៅក្នុងរដូវកាលនេះ ហើយលទ្ធផលដែលពិបាកទទួលយកបំផុតរបស់ពួកគេ គឺជាការបរាជ័យ ០-៥ ក្នុងទឹកដីខ្លួនឯងទល់នឹង Liverpool កាលពីចុងសប្ដាហ៍កន្លងទៅ។

តំណែងរបស់លោក Ole Gunnar Solskjaer កំពុងមានភាពរង្គោះរង្គើ ហើយមានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹង គ្រូបង្វឹកថ្មីដែលអាចនឹងមកជំនួស បុរសជនជាតិន័រវែសរូបនេះ។

អតីតគ្រូបង្គោល Real madrid លោក Zidane ជាបេក្ខជនម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ច្រើន ប៉ុន្ដែឱកាសដែលអតីតខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ ទៅដឹកនាំ Man Utd គឺមានភាពស្ដួចស្ដើងមែនទែន។

យោងតាមប្រភពពី Mundo Deportivo លោក Zidane មិនចង់បានតំណែងនៅក្លិបបិសាចក្រហមនោះទេ ព្រោះលោកមិនចង់ត្រលប់ទៅដឹកនាំការប្រកួតលឿនពេកទេ ក្រោយចាកចេញពីទឹកដី Santiago Bernabeu នៅចុងរដូវកាលមុន។

ពេលនេះ Zidane ចង់សម្រាកលំហែខួរក្បាល រីករាយនឹងជីវិតរបស់លោក មុនពេលត្រលប់មកគិតរឿងដឹកនាំក្រុមលេងនៅលើទីលាន ប៉ុន្ដែមិនមែនពេលនេះឡើយ៕

ប្រភព៖ Football Espana