វឌ្ឍនាកា លើកទឹកចិត្ត ហ៊ុល គីមហ៊ុយដែលទទួលបានកាតក្រហម ក្នុងការប្រកួតដែលបឹងកេតចាញ់វិសាខា

ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានលើកទឹកចិត្តមិត្តរួមក្រុម ហ៊ុល គីមហ៊ុយ ក្រោយអ្នកចាំទីរូបនេះ បង្កកំហុសដែលនាំឱ្យទទួលបានកាតក្រហម ក្នុងការប្រកួតដែលក្រុមបឹងកេត បរាជ័យ ១-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Hun Sen Cup ទល់នឹង វិសាខា។

ក្រុមរបស់លោកគីមភក្ដី លេងបានយ៉ាងល្អក្នុងការប្រកួត៥៣នាទីនាទីដំបូង កាលពីថ្ងៃចន្ទ ទី២២ ខែវិច្ឆកា ឆ្នាំ២០២២ ដោយមានឱកាសវាយសម្រុកទៅលើវិសាខាច្រើនលើក ហើយមានគ្រាប់បាល់នាំមុខ ដោយទាត់បញ្ចូលទីដោយខ្សែការពារ សឿត ណាវ៉ា មួយគ្រាប់ថែមទៀតផង។

ប៉ុន្ដែក្រោយលេងបាន៥៣នាទី ការប្រកួតក៏ត្រូវបានផ្អាក ដោយសារបញ្ហាភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យទឹកដក់ច្រើនលើទីលាន មិនអាចប្រកួតបាន ទើបមានការសម្រេចលើកពេលប្រកួតដែលនៅសល់ មកធ្វើនៅថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃអង្គារវិញ។

សម្រាប់ការប្រកួតជាថ្មី ការលេងរបស់ក្រុមទាំងពីរហាក់មានភាពផ្ទុយគ្នាស្រលះ ដោយក្រុមវិសាខាមានឱកាសគ្រប់គ្រងការប្រកួតបានច្រើន និងអាចវាយបកបានពីរគ្រាប់វិញ ដោយខ្សែប្រយុទ្ធ កែវ សុខផេង និងខ្សែបម្រើ ច្រឹង ពលរដ្ឋ។

បឹងកេតបានព្យាយាមដាក់សម្ពាធនៅ១០នាទីចុងក្រោយ ប៉ុន្ដែមិនអាចរកគ្រាប់បាល់តាមស្មើបាន រហូតដល់ជិតផុតម៉ោងបន្ថែម អ្នកចាំទី ហ៊ុល គីមហ៊ុយបានឡើងទៅជួយតែតបាល់ជ្រុង ប៉ុន្ដែត្រូវបានក្រុមវិសាខា ធ្វើការវាយបកយ៉ាងរហ័ស ដែលធ្វើឱ្យអ្នកចាំទីរូបនេះ ប្ដូរយកកាតក្រហម ដើម្បីរារាំងការរកគ្រាប់បាល់បញ្ចូលទីរបស់គូប្រកួត ហើយគេមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលដែលក្រុមរបស់ខ្លួនទទួលបាន។

ទោះយ៉ាងណាក្ដី វឌ្ឈនាកា ដែលជាប្រធានក្រុម បានលើកទឹកចិត្ដដល់មិត្តរួមក្រុម នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ដោយរៀបរាប់ប្រាប់គីមហ៊ុយថា៖ «កុំគិតច្រើនពេក ព្យាយាមឱ្យអស់ពីលទ្ធភាពរបស់ប្អូន, ប្អូននៅក្មេង ប្អូនជាអនាគតរបស់ប្រទេសយើង»។

ខ្សែប្រយុទ្ធដែលមានប្រភពពីខេត្តកំពតរូបនេះ ក៏បានលើកទឹកចិត្តក្រុមទាំងមូលផងដែរ ដោយគេពេញចិត្តចំពោះគោលដៅតែមួយដែលក្លិបមាន ហើយសង្ឃឹមថា នឹងទទួលបានជោគជ័យនៅថ្ងៃណាមួយជាក់ជាពុំខាន៕

អានអត្ថបទបន្ទាប់៖ Paul Scholes: បុគ្គលបីរូបនេះគួរតែចាកចេញពី Manchester United តាម Solskjaer

អតីតខ្សែបម្រើឆ្នើមរបស់បិសាចក្រហមលោក Paul Scholes យល់ឃើញថា គ្រូបង្វឹកបណ្ដោះអាសន្នរបស់ Manchester United លោក Michael Carrick, គ្រូជំនួយ Mike Phelan និងគ្រូបង្វឹកក្រុមធំលោក Kieran McKenna គួរតែចាកចេញពីក្លិបជាមួយលោក Ole Gunnar Solskjaer ដោយបានអះអាងថា វាពិតជារឿងដ៏អាម៉ា.ស ដែលអ្នកទាំងបីរូបនេះ បន្ដនៅជាមួយក្លិប។

លោក Carrick បានកាន់តំណែងដំបូងរបស់ខ្លួនក្នុងនាមជាគ្រូបង្គោលរបស់ក្រុមបិសាចក្រហម ក្នុងការប្រកួត UEFA Champions League ទល់នឹងក្រុមអេស្ប៉ាញ Villarreal កាលពីយប់ថ្ងៃអង្គារ។

លោក Scholes យល់ថាក្រុមការងារគ្រូបង្វឹកទាំងអស់របស់លោក Solskjaer គួរតែចាកចេញទៅជាមួយលោក ជាងបន្ដនៅបម្រើការងារតទៅទៀត ស្របពេលក្លិបកំពុងស្វែងរកគ្រូបង្វឹកថ្មីជាអចិន្ដ្រៃយ៍។

លោក Scholes បាននិយាយថា៖ “វាពិតជាអាម៉ា.សដែលនៅបន្ដជាបុគ្គលិកនៅពេលនេះ បន្ទាប់ពីអ្វីបានកើតឡើងចំពោះ Ole។ ខ្ញុំគិតថាពួកគេគួរតែចាកចេញទាំងអស់គ្នា ទាំងត្រូវបានបណ្ដេញ ឬចាកចេញដោយខ្លួនឯង”។

“ពួកគេជាផ្នែកនៃក្រុមរបស់លោក Ole, Ole ទុកចិត្តពួកគេរាល់សប្ដាហ៍ដើម្បីរៀបចំក្រុមសម្រាប់ការប្រកួត។ ពួកគេបានធ្វើឱ្យក្លិបខកចិត្ត ពួកគេបានធ្វើឱ្យកីឡាករខកចិត្ត ដូចអ្វីដែល Ole បានធ្វើ”។

“ខ្ញុំទទួលស្គាល់ថា Ole បានផ្ដល់ការទុកចិត្តខ្ពស់លោក Michael, Kieran និង Mike Phelan ដែលនេះជាមូលហេតុដែលពួកគេមិនគួរបន្ដនៅក្លិបពេលនេះ។ Michael គឺជាមិត្តដ៏ល្អម្នាក់… Mike Phelan ក៏ដូចគ្នា។ ខ្ញុំធ្លាប់បានធ្វើការជាមួយអ្នកទាំងនេះ។ ខ្ញុំគ្រាន់តែគិតថា ប្រសិនបើខ្ញុំនៅតំណែងនេះ ខ្ញុំអាចនឹងមានអារម្មណ៍ថាធ្វើខុស ដែលធ្វើការនៅក្លិបនេះ ខណៈ Ole បានផ្ដល់ទំនុកចិត្តទៅលើពួកគេ”៕

ប្រភព៖ talkSPORT