[វីដេអូ] Cristiano & Dybala ស៊ុតម្នាក់មួយគ្រាប់សម្រាប់ Juventus យកបាន៣ពិន្ទុពី Bologna

Cristiano Ronaldo និង Paulo Dybala រកគ្រាប់បាល់បានម្នាក់មួយគ្រាប់ សម្រាប់ក្រុម Juventus ដែលបានយកឈ្នះទៅលើក្រុម Bologna ដោយលទ្ធផល 2-0 នៅ Serie A។

Ronaldo បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុមភ្ញៀវ Juventus ដោយបាល់ប៉េណាល់ទី ក្រោយពេលកីឡាករក្រុមម្ចាស់ផ្ទះ Bologna បង្កកំហុសទៅលើ Matthijs de Ligt ហើយវាក៏ជាគ្រាប់បាល់ទី២២របស់ ខ្សែប្រយុទ្ធព័រទុយហ្គាល់ នៅក្នុងលីគនារដូវកាលនេះ។

Dybala បានរកគ្រាប់បាល់មួយគ្រាប់ទៀត ដោយការស៊ុតបាល់បញ្ចូលទីក្រៅប្រអប់យ៉ាងល្អ ប៉ុន្ដែ ខ្សែការពារ Danilo ទទួលបានកាតក្រហមនៅចុងម៉ោង។

សម្រាប់លទ្ធផលនេះ ក្រុមសេះបង្កង់បន្ដឈរនៅកំពូលតារាង Serie A មាន៦៦ពិន្ទុ និង មានគំលាត ៤ពិន្ទុពីក្រុមលេខ២ Lazio ដែលត្រូវប្រកួតទល់នឹង Atalanta នារាត្រីថ្ងៃពុធខាងមុខនេះ៕

អានអត្ថបទបន្ទាប់៖ គ្រូ Barca បង្ហាញការយល់ឃើញពី VAR ក្រោយផ្ទុះបញ្ហាចំរូងចំរាស់ ក្នុងការប្រកួតជ័យជំនះរបស់ Real Madrid

គ្រូបង្វឹកក្រុម Barcelona លោក Quique Setien បានបង្ហាញការយល់ឃើញរបស់លោកថា វីដេអូជំនួយអាជ្ញាកណ្ដាល(VAR) ហាក់មិនទាន់ត្រូវបានប្រើប្រាស់ដោយមានប្រសិទ្ធភាពនោះទេ បន្ទាប់ពីការប្រកួតដ៏ចំរូងចំរាស់ដែលក្រុម Real Madrid បានយកឈ្នះទៅលើ Real Sociedad។

ក្រុមអធិរាជសទទួលបានជ័យជំនះ 2-1 នៅកីឡដ្ឋាន Anoeta កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ប៉ុន្ដែទទួលបានផលចំនេញពីការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល ដែលធ្វើឲ្យពួកគេឈរនៅតំណែងក្រុមកំពូលតារាងជំនួស Barca។

ក្រុមដែលដឹកនាំដោយលោក Setien បានត្រឹមបញ្ចប់លទ្ធផល 0-0 ក្នុងការប្រកួតនៅទឹកដីរបស់ Sevilla ហើយបច្ចុប្បន្នពួកគេមានពិន្ទុស្មើនៅលើកំពូលតារាង La Liga ប៉ុន្ដែចាញ់ Real ដោយលទ្ធផលការប្រកួតតទល់គ្នា(Head-to-head)រវាងក្រុមទាំងពីរ។

មុនពេលប្រកួតទល់នឹង Athletic Club លោក Setien បានទទូចឲ្យ​ ការប្រើប្រាស់មានភាពសុក្រិត ដើម្បីអាចធានាឲ្យការប្រកួតនៅលើទីលានស្ថិតនៅកម្រិតប្រសើរ។

គ្រូបង្វឹកក្រុម Barcelona បាននិយាយថា៖ “ខ្ញុំផ្ដោតទៅលើពួកយើង។ យើងមានបញ្ហាក្នុងការលេងបាល់ ប៉ុន្ដែខ្ញុំរីករាយជាមួយនឹងរឿងជាច្រើន ដែលយើងកំពុងធ្វើ។ យើងទទួលបានជ័យជំនះ២ប្រកួត និងស្មើមួយប្រកួត យើងរកគ្រាប់បាល់បាន៦គ្រាប់ ហើយយើងមិនរបូតសូម្បីតែមួយគ្រាប់។ VAR គឺជាឧបករណ៍ដែលយើងមាន ដែលអាចធ្វើឲ្យយើងកាន់តែប្រសើរ។”

“ប៉ុន្ដែយើងត្រូវតែប្រើប្រាស់វា ដើម្បីឲ្យកាន់តែច្បាស់ពីភាពជាក់ស្ដែង។ វាជារឿងត្រឹមត្រូវដែលសួរថា ហេតុអ្វីសកម្មភាពខ្លះ ត្រូវបានពិនិត្យ ហើយសកម្មភាពដទៃទៀត មិនត្រូវបានពិនិត្យ។ វាអាចនាំឲ្យមានការគិតឃើញថា វាមិនត្រូវបានប្រើប្រាស់ ត្រឹងត្រូវនោះទេ។”

ប្រភព៖ Goal