លោក Mourinho ជូនពរឲ្យកូនក្រុម Spurs ម្នាក់ បើផ្ទេរទៅកាន់ក្លឹបថ្មី នៅទឹកដីអ៊ីតាលី

អ្នកចាត់ការក្លឹប Tottenham លោក Jose Mourinho ចង់ឲ្យខ្សែការពារ Danny Rose ផ្ទេរទៅចូលរួមជាមួយក្លឹប Genoa។

ខ្សែការពារស្លាបឆ្វេងវ័យ៣០ឆ្នាំរូបនេះ ក៏រង់ចាំសំណើរបស់ក្លឹប Cagliari ផងដែរ បន្ទាប់ពីបញ្ចប់លក្ខខណ្ឌខ្ចីជើងជាមួយក្លឹប Newcastle ប៉ុន្ដែបើតាមការចុះផ្សាយរបស់ Sky Sport Italia បានរាយការណ៍ថា Genoa គឺជាក្លឹបគោលដៅរបស់កីឡាកររូបនេះ។

លោក Mourinho បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា៖ “ប្រសិនបើ Genoa បាន Danny Rose ខ្ញុំគិតថាគេជាកីឡាករល្អ។ ប្រសិនបើពួកគេ ទទួលបានកីឡាករល្អនៅក្នុងឆ្នាំចុងក្រោយនៃកុងត្រា ខ្ញុំគិតថាពួកគេមានអាទិភាព ក្នុងការចរចាផ្ទេរជាមួយពួកគេ។ ហើយប្រសិនបើ Danny Rose ផ្ទេរទៅទីនោះ ខ្ញុំជូនពរឲ្យគេសំណាងល្អ។”

Genoa គឺជាក្លឹបមួយដែលមានវ័យចំណាស់បំផុតនៅអ៊ីតាលី ប៉ុន្ដែពួកគេកៀកនឹងធ្លាក់ទៅកាន់លីគទី២ សម្រាប់ពីររដូវកាលចុងក្រោយ។

ហើយបច្ចុប្បន្នក្រុមអ៊ីតាលីមួយនេះ ស្ថិតនៅក្រោមការដឹកនាំរបស់លោក Rolando Maran ដែលអាចជួយឲ្យ Rose ទទួលបានបទពិសោធន៍ថ្មីនៅក្នុងអាជីពរបស់ខ្លួនក្រៅពីនៅអង់គ្លេស៕

ប្រភព៖ Footbal Italia

អានអត្ថបទបន្ទាប់៖ Chelsea កាន់តែកៀករកអ្នកមកជំនួសតំណែងរបស់ Kepa បានហើយ ដោយនឹងត្រូវប្រកាសជាផ្លូវការឆាប់ៗនេះ

យោងតាមការបញ្ជាក់ពី ‘Sky Sport’ បានបង្ហាញថាកីឡាករ Edouard Mendy កំពុងធ្វើដំណើរមកកាន់ទីក្រុងឡុងដ៏ ដើម្បីចុះហត្ថលេខាជាមួយក្រុមតោខៀវ Chelsea ក្នុងនាមជាអ្នកមកជំនួសតំណែងរបស់ Kepa នៅរដូវកាលក្រោយ ។

Edouard Mendy 

ជាក់ស្តែងកិច្ចព្រមព្រៀងរវាងក្រុមតោខៀវ និង Rennes ត្រូវបានព្រមព្រៀងគ្នារួចរាល់ហើយ ជាមួយតម្លៃខ្លួនប្រហែល ២៨ លានអឺរ៉ូ បន្ទាប់ពីមានការចរចាយ៉ាងតានតឹងជាច្រើនសប្តាហ៍កន្លងមក ខណ:ពេលនេះវាត្រូវបានគេយល់ថាការប្រកាសជាផ្លូវការមួយ នឹងត្រូវធ្វើឡើងនាពេលឆាប់ៗនេះផងដែរ ។

Edouard Mendy

ទន្ទឹមនឹងនេះ Mendy បានចំណាយពេលលេងនៅក្នុងក្របខ័ណ្ឌ Ligue 1 អស់រយៈពេលពីររដូវមកហើយ ហើយការផ្លាស់ប្តូរទៅក្លឹប Chelsea នឹងក្លាយជាឱកាសដំបូងបង្អស់របស់រូបគេ សម្រាប់ការលេង​នៅក្នុងក្របខណ្ឌ Premier League ។

គួរបញ្ជាក់ផងដែរថាគ្រូបង្វឹកលោក Frank Lampard បានព្យាយាមស្វែងរកលទ្ធភាពនៅក្នុងការចុះហត្ថលេខាលើអ្នកចាំទីថ្មីម្នាក់ បន្ទាប់ពីគាត់ហាក់អស់ទំនុបចិត្តលើកីឡាករ Kepa កាលពីរដូវកាលមុន ហើយថែមទាំងបានប្រាប់ឲ្យគេស្វែងរកកន្លែងថ្មី ដើម្បីលេងផងដែរ ៕

Kepa

ប្រភព: Besoccer