លោក Simeone កប់យោបល់ពេលគេសួររឿង ចង់ផ្ទេរកូនប្រុសរបស់ខ្លួនមកលេងអោយ Atletico

អ្នកចាត់ការក្លឹប Atletico Madrid លោក Diego Simeone បានបដិសេធមិនឆ្លើយនូវសំនួរ ជុំវិញពត៌មានចចាមអារ៉ាម ថាក្លឹបចាប់អារម្មណ៍ចង់បានកូនប្រុសរបស់លោក Giovanni ដើម្បីការគោរពទៅខ្សែប្រយុទ្ធរបស់ក្រុមដែលមានស្រាប់។

ក្រុម Atletico បានបរាជ័យក្នុងជំនួបមិត្តភាពទល់នឹងក្រុមបារាំង Paris Saint-Germain នៅថ្ងៃចន្ទ នៅប្រទេសសិង្ហបុរី ដោយខ្សែប្រយុទ្ធ Luciano Vietto និង Kevin Gameiro បានបណ្ដោយអោយរបូតឱកាសរកគ្រាប់បាល់រៀងៗខ្លួន។

កាលពីរដូវកាលមុន ខ្សែប្រយុទ្ធបារាំង Gameiro បានបង្ហាញទម្រង់លេងមិនសូវល្អនោះទេសំរាប់ការប្រកួតក្នុងលីគ ដោយរកគ្រាប់បាល់តែ៧គ្រាប់ប៉ុណ្ណោះ ខណៈដែល Vietto រកបានតែពីរគ្រាប់ នៅក្នុងការបង្ហាញខ្លួន ២០ប្រកួតនៅ LaLiga អោយ Atleti និង Valencia។

បញ្ហាទម្រង់លេងរបស់ខ្សែប្រយុទ្ធទាំងពីររូបនេះ ធ្វើអោយមានពាក្យចចាមអារ៉ាមលើកឡើងថា លោក Simeone មានគំរោងនាំយកកូនប្រុសវ័យ២៣ឆ្នាំ Giovanni ដែលរកគ្រាប់បាល់អោយក្លឹប Fiorentina បាន១៤គ្រាប់កាលពីរដូវកាលមុន នៅក្នុងលីគ Serie A។

ប៉ុន្ដែនៅពេលដែលត្រូវបានអ្នកកាសែតជជីកសួរ ពីពាក្យចចាមអារ៉ាមនេះលោកបានឆ្លើយយ៉ាងខ្លីថា៖ “គ្មានយោបល់” ជុំរិញរឿងនេះនោះទេ។

ដោយឡែកកីឡាករចំនូលថ្មី Thomas Lemar ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការអោយ Atletico កាលពីថ្មីៗនេះ អាចនឹងចូលរួមលេងលើទីលាន ក្នុងជំនួបមិត្តភាពទល់នឹង Stuttgart នៅថ្ងៃទី៥ ខែសីហានេះ ហើយកីឡាករដែលត្រលប់ពី World Cup ដូចជា Diego Costa, Koke និង Saul Niguez អាចនឹងមានវត្តមាននៅក្នុងការប្រកួតនេះផងដែរ៕

ប្រភព៖ Goal