មិត្ត​រួម​ជម្រើស​ជាតិ​អាហ្សង់ទីន៖ “At Madrid បើក​ទ្វារ​ស្វាគមន៍​ Messi មក​ចាប់​ដៃ​ជាមួយ Suarez”

ក្លឹប Atletico Madrid នឹង​បើក​ទ្វារ​ទទួល Lionel Messi ជា​និច្ច សម្រាប់​ការ​ត្រៀម​ផុត​កុងត្រា​របស់​គេ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ នេះ​បើ​តាម​សម្តី​របស់​ខ្សែ​ប្រយុទ្ធ​និង​ជា​មិត្ត​រួម​សញ្ជាតិ​អាហ្សង់ទីន​កីឡាករ Angel Correa។

Lionel Messi

ជាមួយ​សារ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កំពុង​មាន​មន្ទិល​សង្ស័យ​មួយ​កម្រិត​ទៀត​ថា តើ Messi អាច​នឹង​សម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ Atletico Madrid ដែល​មាន​មិត្ត​ចាស់ Luis Suarez របស់​ខ្លួន​នៅ​ទី​នោះ​មែន​ឬ​យ៉ាង​ណា?

បើ​តាម​ការ​បញ្ជាក់​របស់ Correa ប្រាប់ TyC Sports កន្លង​ទៅ៖ “Atletico Madrid បើក​ទ្វារ​សម្រាប់ Messi ដោយ​ខ្ញុំ​មិន​យល់​ទេ​ថា​ហេតុអ្វី Barcelona អនុញ្ញាត​ឲ្យ​លេខ ៩ ល្អ​ដូច​ជា Suarez ចាកចេញ”។

Angel Correa
Messi/Suarez

លោក​សង្កត់​ធ្ងន់៖ “គេ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​អស្ចារ្យ ហើយ​យើង​ពិត​ជា​រីករាយ​ពន់ពេក​ពេល​មាន​គេ​នៅ​ជាមួយ​យើង ដោយ​ខ្ញុំ​សង្ឃឹម​ថា​គេ​នឹង​បន្ត​លេង​ល្អ​បែប​ហ្នឹង ពី​ព្រោះ​យើង​សុទ្ធ​សឹង​តែ​ចង់​បញ្ចប់​រដូវ​កាល​នេះ​ដោយ​ក្តី​រីករាយ”។

គួរ​រំឭក​ថា បច្ចុប្បន្ន At Madrid កំពុង​ឈរ​កំពូល​តារាង La Liga ដោយ​មាន ៥០ ពិន្ទុ​នាំ​មុខ​ដាច់ ១០ ពិន្ទុ​ធៀប​នឹង Barcelona/Real Madrid ហើយ​នៅ​សល់​ប្រកួត​ក្នុង​ដៃ​មួយ​ជុំ​ថែម​ទៀត៕

ប្រភព៖ BeSoccer

អានអត្ថបទបន្ទាប់៖ ទី​បំផុត​គ្រាប់​បាល់ Cristiano Ronaldo យក​ឈ្នះ Bican និង Pele មែនទែន​ហើយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​តែ​មាន​មតិ​ចម្រូង.ចម្រាស​ថា​គ្រាប់​បាល់​របស់ Cristiano Ronaldo នៅ​មិន​ទាន់​អាច​ក្លាយ​ជា​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ទេ។

Cristiano Ronaldo
Cristiano Ronaldo

នោះ​ក៏​ដោយសារ​គ្រាប់​បាល់​ផ្លូវការ​ដែល​គេ​ប្រកាស Josef Bican រក​បាន ៧៥៩ គ្រាប់ ធាតុ​ពិត​គឺ​រក​បាន ៧៦២ គ្រាប់​ឯ​ណោះ ពោល​គឺ​ស្មើ​នឹង Pele [តួ​លេខ​ចាស់​គេ​កំណត់​ថា Pele រក​បាន ៧៥៧ គ្រាប់)។

Pele/Bican

យ៉ាងណាមិញ​ឆ្លង​កាត​យប់​មិញ​នេះ CR7 បាន​បន្ថែម​ ២ គ្រាប់​ទៀត​ហើយ​នៅ​ជំនួប​ទល់ Inter Milan ដែល​រំកិល​ឲ្យ​គ្រាប់​បាល់​ក្នុង​អាជីព​របស់​កីឡាករ​ព័រទុយហ្គាល់​កើន​ឡើង​សរុប​ដល់ ៧៦៣ គ្រាប់។ តាម​របាយការណ៍​ពី Marca បាន​អះអាង​ថា លទ្ធផល​នេះ​គឺ​សម្រេច​យក​ច្បាស់ការ​ហើយ​ថា Ronaldo នាំ​មុខ​ដាច់​គេ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។

រូបភាព៖ Marca

សម្រាប់ Ronaldo មាន​គ្រាប់​បាល់ ៣១ គ្រាប់​នៅ Sporting CP ១១៨ គ្រាប់​នៅ Man Utd ៤៥១ គ្រាប់​នៅ Real Madrid ១១១ គ្រាប់​នៅ Juventus និង ១០២ គ្រាប់​នៅ​ព័រទុយហ្គាល់។ តួ​លេខ​ច្បាស់​ការ​ដែល​កីឡាករ​ដទៃ​អាច​មាន​ឱកាស​ប្រជែង Ronaldo បាន​ក្នុង​សម័យ​កាល​នេះ គឺ​មាន​តែ Lionel Messi តែ​ប៉ុណ្ណោះ ដែល​គេ​ឈរ​លេខ​រៀង​ទី ៥ មាន ៧២០ គ្រាប់​និង​មិន​ទាន់​ចូល​និវត្ត៕

ប្រភព៖ Marca