មិនអាចរកគ្រាប់បាល់បានបីប្រកួត ធ្វើអោយ Ronaldo បង្កើតស្ថិតិមួយ អន់ជាងកីឡាករណាៗទាំងអស់នៅលីគកំពូលទាំង៥

Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាម៉ាស៊ីនរកគ្រាប់បាល់ថ្មី មួយសំរាប់ក្រុម Juventus ប៉ុន្ដែអ្វីៗហាក់មិនទៅតាមការរំពឹងទុក សំរាប់ប៉ុន្មានប្រកួតនៅក្នុងលីគកំពូលអ៊ីតាលី។ អតីតតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ បានធ្វើអោយពិភពលោកភ្ញាក់ផ្អើល ក្រោយពីរូបគេសំរេចចិត្ដចាកចេញពីទឹកដី Santiago Bernabeu កាលពីរដូវក្ដៅនេះ។

Ronaldo បានចាប់ផ្ដើមរដូវកាលរបស់ខ្លួនជាមួយ Juve មិនសូវបានល្អនោះទេ សំរាប់ការប្រកួតក្នុងលីគ ដោយរូបគេបរាជ័យក្នុងការរកគ្រាប់បាល់ បីប្រកួតជាប់ៗគ្នា ក្នុងលីគ Serie A។

ទោះបីជាតារាឆ្នើមរូបនេះ មិនអាចរកគ្រាប់បាល់បានមែនពិត ប៉ុន្ដែក្រុមដែលដឹកនាំដោយលោក Massimiliano Allegri ទទួលបានជ័យជំនះទាំងបីប្រកួត សំរាប់រដូវកាល ២០១៨/១៩ ទល់នឹងក្រុម Chievo, Lazio និង Parma។

ខ្សែប្រយុទ្ធក្រូអាត Mario Mandzukic ជាវីរបុរសរបស់ Juve ដោយរកគ្រាប់បាល់បានមួយគ្រាប់ និង assist ម្ដង ក្នុងជំនួបជាមួយនឹងក្រុម Parma កាលពីថ្ងៃសៅរ៍ ដែលបញ្ចប់ក្នុងលទ្ធផល ២-១។

ហើយអ្វីដែលគួរអោយសោកស្ដាយនោះគឺ ប្រធានក្រុមព័រទុយហ្គាល់ Ronaldo មានឱកាសរកគ្រាប់បាល់ ២៣លើកតែធ្វើមិនបានសំរេចសូម្បីតែម្ដង ដែលជាកំណត់ត្រាដ៏អាក្រក់មួយ ដែលសរុបនៅក្នុងលីគកំពូលទាំង៥នៅអឺរ៉ុប ហើយ ខ្សែបម្រើ Valentin Rongier របស់ក្រុម Nantes នៅបន្ទាប់ពីរូបគេ ដោយស៊ុត ១៥លើក។

ខ្សែប្រយុទ្ធ Christian Benteke របស់ក្រុម Crystal Palace ស្ថិតនៅលេខរៀងទី៣ ដោយស៊ុតចំគោលដៅ ១៣លើក មិនអាចទំលុះសំណាញ់ទីបាន ខណៈដែល ខ្សែប្រយុទ្ធ Andy Delort របស់ក្រុម Toulouse (១២លើក) និង Nabil Fekir របស់ Lyon (១១លើក) ត្រូវបានរាប់បញ្ចូលក្នុងចំនោមកីឡាករទាំង៥ ដែលមានឱកាសស៊ុតច្រើនជាងគេតែមិនអាចរកគ្រាប់បាល់បានសំរាប់រដូវកាលនេះ៕

ប្រភព៖ Goal